
ក្លិប Paris Saint Germain បានទាមទារឱ្យក្លិប Real Madrid ដែលចង់បានខ្សែប្រយុទ្ធ Kylian Mbappe ត្រូវតែបូកបន្ថែមកីឡាកររបស់ពួកគេម្នាក់ក្នុងចំណោម ២នាក់ ក្នុងកិច្ចព្រមព្រៀងនៃការផ្ទេរ។ កីឡាករបារាំងមានតម្លៃផ្ទេរជិត ២៥០លានអឺរ៉ូ តាមការការកំណត់តម្លៃរបស់ PSG។
ក្លិប Paris Saint Germain ពេលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique។ ទៅកាន់ទឹកដីបារាំង បុរសសញ្ជាតិអេស្ប៉ាញ កំពុងជួបបញ្ហាអំពីអនាគតរបស់ Kylian Mbappe។ យ៉ាងណា លោក Enrique យល់ព្រមអោយក្លិបបារាំងមួយនេះធ្វើកិច្ចការងារលើកកិច្ចព្រមព្រៀងក្នុងការលក់ Mbappe ជាមួយតម្លៃដ៏ខ្ពស់មួយ។ លោក Enrique ជឿជាក់ថានឹងនៅតែអាចដឹកនាំក្រុមប្រកួតប្រជែងនៅកម្រិតខ្ពស់ ដោយគ្មានវត្តមាន Mbappe។
បើតាមរបាយការណ៍ដែលចុះផ្សាយដោយកាសែត El Nacional ក្លិប PSG ទាមទារឱ្យបូកបញ្ចូលកីឡាករម្នាក់ក្នុងចំណោម ២នាក់ ដែលក្នុងនោះមាន Rodrigo ឬ Eduardo Camavinga ប្រសិនបើ Real Madrid ចង់នាំយកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំទៅចូលរួមក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណា តាមរយៈរបាយការណ៍ដដែលនោះឱ្យដឹងថា គ្រូបង្វឹក Real Madrid លោក Carlos Ancelotti មិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនោះឡើយ ហើយក៏បានជំរុញឱ្យក្លិបកុំបញ្ចេញកីឡាករវ័យក្មេងទាំង ២នាក់ផងដែរ។
តាមរយៈព័ត៌មាននាពេលកន្លងមក Real Madrid ចង់បាន Mbappe នៅរដូវកាល ២០២៤-២៥ ក្រោយពេលដែលកីឡាករម្ចាស់ពាន World Cup 2018 រូបនេះបានផុតកិច្ចសន្យាជាមួយនឹង PSG បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២៤។ Mbappe កាលពីប៉ុន្មានខែមុនបានផ្ញើលិខិតទៅក្លិប PSG អះអាងថាគេនឹងមិនបន្តកិច្ចសន្យាអ្វីទៀតឡើយជាមួយ PSG៕
