×

ខេត្តព្រះសីហនុ ក្លាយជាជើងឯកពានរង្វាន់បាល់ទះឯកឧត្តមបណ្ឌិតស សុខាឆ្នាំ២០២៣ ដោយយកឈ្នះវិសាខា

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានផ្ដួលក្រុមសមាគមកីឡាបាល់ទះវិសាខា ក្នុងលទ្ធផលយ៉ាងប្រដំប្រសង នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ កាលពីថ្ងៃទី៦ ខែសីហា នៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ជាលទ្ធផល ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកឈ្នះសមាគមកីឡាបាល់ទះវិសាខា ដោយលទ្ធផល ៣សិតទល់នឹង២។ ក្នុងសិតទីមួយ វិសាខាបានយកឈ្នះព្រះសីហនុ ២៥ទល់១៦ ប៉ុន្តែចាញ់នៅសិតទីពីរវិញដោយពិន្ទុ ១៩ទល់២៥។ នៅក្នុងសិតទីបី វិសាខាបានឈ្នះដោយពិន្ទុយ៉ាងប្រកៀកប្រកិត ២៥ទល់២២។ ដូច្នេះ វិសាខាត្រូវការតែឈ្នះ១សិតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯក។

ទោះជាយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដណ្ដើមបានជ័យជម្នះមកវិញនៅសិតទីបួន ដោយពិន្ទុ ២៥ទល់២៣។ ដូច្នេះការប្រកួតបានឈានចូលដល់សិតទីប្រាំដើម្បីកាត់សេចក្ដី ហើយជាលទ្ធផលខេត្តព្រះសីហនុបានបន្តយកឈ្នះវិសាខាដោយលទ្ធផល ១៥ទល់១១។

ដោយឡែក ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលបានយកឈ្នះក្លិបកីឡាបាល់ទះខេត្តតាកែវ ៣សិតទល់០ (២៥-១៨, ២៥-២០ និង ២៥-២០) នៅក្នុងការប្រកួតមុននេះ នៅថ្ងៃជាមួយគ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង