ក្រុមការពារតំណែងជើងឯកពិភពលោកអាមេរិក បានធ្លាក់ចេញពីការប្រកួត World Cup ផ្នែកនារី បន្ទាប់ពីចាញ់ក្រុមស៊ុយអែត ក្នុងការស៊ុតបាល់ប៉េណាល់ទី វគ្គ១៦ក្រុមចុងក្រោយ នៅទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី កាលពីម្សិលមិញ។
វាបានក្លាយជាកំណត់ត្រាអាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក ដែលមិនធ្លាប់បរាជ័យក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារីពីមុនមកឡើយ។
ការប្រកួតរវាងអាមេរិក និងស៊ុយអែត បានបញ្ចប់ដោយលទ្ធផល ០–០ ក្នុងម៉ោងបន្ថែម ១៥នាទី២ដង។ ប៉ុន្តែវាជាសុបិនដ៏អាក្រក់មួយ សម្រាប់អាមេរិកដែលជាក្រុមម្ចាស់ជើងឯកបាល់ទាត់នារីពិភពលោកឆ្នាំ២០១៥ និង ២០១៩ នៅពេលដែលពួកគេ បានចាញ់ស៊ុយអែត ដោយការទាត់ប៉េណាល់ទីដោយលទ្ធផល ៥–៤ ដោយក្រុមនីមួយៗ បានប្រើប្រាស់កីឡាការិនី ៧នាក់ក្នុងការទាត់ប៉េណាល់ទីនេះ។
ចំណែក ស៊ុយអែត នឹងឈានទៅវគ្គ៨ក្រុមចុងក្រោយដើម្បីជួបក្រុមកីឡាការិនីជប៉ុន ដែលបានយកឈ្នះក្រុមកីឡាការិនីន័រវែស ដោយលទ្ធផល ៣–១។
អេស្ប៉ាញ នឹងប្រកួតជាមួយហូឡង់ នៅក្នុងការប្រកួតមួយគូផ្សេងទៀត នៅវគ្គ៨ក្រុមចុងក្រោយ។ ៤ក្រុមទៀត នឹងត្រូវរកឃើញជាបន្តបន្ទាប់ សម្រាប់កៅអីដែលនៅសល់៕