×

Paris Saint-Germain ពិន័យKylian Mbappeមិនឱ្យចូលរួមហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី

Kylian Mbappe នឹងមិនបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គេ ដែលជាការត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាល Ligue 1 ២០២៣-២៤ បន្ទាប់ពី Mbappe មិនបានបន្តកុងត្រាជាមួយ PSG និងមានបំណងចូលរួមជាមួយ Real Madrid ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបដិសេធមិនបន្តកុងត្រា ដែលនឹងត្រូវផុតសុពលភាពនៅឆ្នាំក្រោយ។ ដូច្នេះ PSG ចង់លក់ Mbappe ដើម្បីធានាថាការផ្ទេរចេញរបស់គេអាចផ្ដល់នូវចំណូលដល់ក្លិបខ្លះ ប្រសើរជាងចេញទៅដោយមិនបានប្រាក់មួយកាក់មួយសេន។

Mbappe មិនមានឈ្មោះក្នុងដំណើរទេសចរណ៍របស់ PSG នៅទ្វីបអាស៊ីមុនរដូវកាលថ្មី កាលពីពេលកន្លងទៅឡើយ។ ក្រោយមក រូបគេបានបដិសេធមិនជួបជាមួយអ្នកតំណាងរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ដែលមានបំណងនាំយករូបគេទៅកាន់ក្របខណ្ឌ Saudi Pro League ។

PSG នឹងចាប់ផ្តើមរដូវកាលថ្មីនៅចុងសប្ដាហ៍នេះ នៅពេលដែលពួកគេនឹងត្រូវប៉ះក្រុម Lorient ប៉ុន្តែ Mbappe នឹងមិនហ្វឹកហាត់ជាមួយក្រុមឈុតធំឡើយ។ ប្រភពពី PSG បាននិយាយថា ក្លិបបានស្វែងរកដំណោះស្រាយមួយ ដោយព្យាយាមដាក់លក្ខខណ្ឌផ្ទេរចេញដោយមានតម្លៃខ្លួន នៅពេលកុងត្រារបស់រូបគេផុតសុពលភាពនៅឆ្នាំក្រោយ។ ប៉ុន្តែសំណើនេះត្រូវបានបដិសេធផងដែរ។

ជុំវិញបញ្ហានេះ PSG ត្រូវបានរាយការណ៍ថាកំពុងស្វែងរកដំណោះស្រាយមួយទៀត ដោយខ្សែប្រយុទ្ធ Goncalo Ramos របស់ក្រុម Benfica គឺជាគោលដៅសម្រាប់តំបន់ប្រយុទ្ធរបស់ពួកគេ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុននៅប្រទេសកាតា ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលៗជាច្រើននៅអឺរ៉ុប។ PSG ត្រូវបានគេរំពឹងថានឹងចំណាយ ៦៩ លានផោន សម្រាប់ខ្សែប្រយុទ្ធរូបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង