ការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាល ២០២៣ បានបន្តមកដល់ដំណាក់កាលទី៩ហើយ ដែលជាកម្មវិធី British Motorcycle Grand Prix។
ការប្រកួតបានធ្វើឡើងនាទីក្រុង Silverstone ប្រទេសអង់គ្លេស ដោយកីឡាករទាំងអស់ត្រូវ ប្រជែងគ្នាជិះចំនួន ២០ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 118,005 គីឡូម៉ែត្រ។
ជាលទ្ធផលគឺកីឡាករអេស្ប៉ាញ Aleix Espargaró ជាអ្នកទទួលបានជ័យជម្នះនៅក្នុងការប្រកួត ដោយសមាជិកក្រុម Aprilia បានចាយពេលអស់ត្រឹមតែ ៤០នាទី និង៤០វិនាទី ចុច ៣៦៧។
នេះគឺជាជ័យជម្នះទីលានទី២ហើយរបស់កីឡាករវ័យ៣៤ឆ្នាំ ក្នុងការប្រកួតរដូវកាលនេះ។ កីឡាករអ៊ីតាលី Francesco Bagnaia ជាសមាជិកក្រុម Ducati បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ០វិនាទី ចុច២១៥ ហើយកីឡាករអាហ្រ្វិកខាងត្បូង Brad Binder ជាសមាជិកក្រុម KTM បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ០វិនាទី ចុច៦៨០។
យ៉ាងណា នៅតារាងពិន្ទុសរុបវិញ កីឡាករ Francesco Bagnaia នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលតារាងដដែល ដោយមាន ២១៤ពិន្ទុ ខណៈកីឡាករអេស្ប៉ាញ Jorge Martín នៅលេខ២ មាន១៧៣ពិន្ទុ ហើយកីឡាករអ៊ីតាលី Marco Bezzecchi នៅលេខ៣ មាន១៦៧ពិន្ទុ។
ដោយឡែក សម្រាប់លទ្ធផលការប្រកួតផ្សេងទៀតគឺ ការប្រកួត Moto2 ដែលធ្វើការប្រជែងគ្នាតែចំនួន១៧ជុំទីលាន ហើយជ័យជម្នះបានទៅលើកីឡាករអេស្ប៉ាញ Fermín Aldeguer មកពីក្រុម Boscoscuro ប្រើពេលអស់ ៣៥នាទី និង ៣៧វិនាទី ចុច៧៥៨ រីឯលទ្ធផលការប្រកួត Moto3 ដែលធ្វើការប្រជែងគ្នា ជិះតែ ១៥ជុំទីលាន ជ័យជំនះបានទៅលើកីឡាករកូឡុំប៊ី David Alonso មកពីក្រុម Gas Gas ដោយប្រើពេលអស់ ៣៣នាទី និង៣៥វិនាទី ចុច៣៩៦។
សម្រាប់ការប្រកួតជាបន្ត ឈានដល់ដំណាក់កាលទី១០ ជាកម្មវិធី Austrian Motorcycle Grand Prix ធ្វើឡើង នាថ្ងៃទី ២០ ខែសីហា ខាងមុខ នៅទីក្រុង Spielberg ប្រទេសអូទ្រីស៕