×

លោក Luis Enrique បដិសេធពាក្យចចាមអារ៉ាមចាកចេញពី Paris Saint Germain

លោក Luis Enrique គ្រូបង្វឹក Paris Saint Germain បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមថា រូបលោកកំពុងពិចារណាចាកចេញពីតំណែងនាពេលឆាប់ៗ។

បុរសវ័យ៥៣ឆ្នាំ ត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយថា ចង់ចាកចេញពីក្លិបបារាំង ដោយសារតែបញ្ហាប្រឈម និងឥទ្ធិពលរបស់ Kylian Mbappe ប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីការតែងតាំងជាគ្រូបង្វឹកថ្មីរួចមក។

Mbappe បច្ចុប្បន្នកំពុងនៅមានវិវាទជាមួយ PSG បន្ទាប់ពីបានបដិសេធបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc Des Princes ដូច្នេះអាចធ្វើឱ្យគេចាកចេញដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលថ្មីនេះ។ ខ្សែប្រយុទ្ធបារាំងវ័យ២៤ឆ្នាំ ក៏ទើបតែបដិសេធសំណើដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លិបនៅអារ៉ាប៊ីសាអូឌីត Al-Hilal ព្រមជាមួយនឹងការគ្មានឈ្មោះក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ PSG ទៅកាន់ទ្វីបអាស៊ី ខណៈក្លិបទាមទារឱ្យរូបគេបន្តកិច្ចសន្យាថ្មី ឫជ្រើសរើសផ្លូវចាកចេញ។

ជាមួយគ្នានេះដែរ លោក Luis Enrique ដែលទើបមកកាន់តំណែងនៅ Paris Saint Germain ជំនួសលោក Christophe Galtier កាលពីដើមខែកក្កដាកន្លងទៅ ត្រូវបានរាយការណ៍ថា មានបំណងចង់ចាកចេញតែម្តង ដោយសារធុញទ្រាន់នឹងរឿងរ៉ាវដែលកំពុងកើតឡើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពេលនេះលោក Enrique បានធ្វើការបដិសេធការផ្សព្វផ្សាយទាំងអស់នោះ។

លោក Enrique បានឱ្យដឹងថា៖ “ពាក្យចចាមអារ៉ាមទាំងនោះ គឺជារឿងគួរឱ្យអស់សំណើច ហើយវាស្ថិតនៅក្រៅការពិតទាំងស្រុង។ ខ្ញុំមិនមានបំណងចាកចេញទេ បើទោះជា Mbappe ចាកចេញក៏ដោយ។ ខ្ញុំនឹងចាកចេញពេលដែលស្ថានការណ៍មិនអាចទទួលយកបាន”។

ក្លិប Paris Saint Germain បានសម្រេចនាំយកអតីតគ្រូបង្វឹក Barcelona និង ជម្រើសជាតិអេស្ប៉ាញ លោក Enrique ដោយផ្តល់កុងត្រារហូតដល់ឆ្នាំ២០២៥ ក្នុងមហិច្ឆតា និងគោលបំណងឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះពាន Ligue ១ កាលពីរដូវកាលមុនជាលើកទី១១រួចមក។

ទោះយ៉ាងណា២ប្រកួតចុងក្រោយ PSG ធ្វើមិនទាន់បានល្អទេក្នុងជំនួបមិត្តភាពនៅដើមខែសីហា ឆ្នាំ២០២៣ នាប្រទេសជប៉ុន ដោយផ្តួលក្រុមកូរ៉េ Jeonbuk Hyundai Motors ក្នុងលទ្ធផល ៣ទល់នឹង០ ក្រោយចាញ់ Inter Milan ក្នុងលទ្ធផល ២ ទល់នឹង ១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង