ក្លិបជើងឯកបារាំងបានប្រកាសថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos បានចូលរួមជាមួយក្លិប Paris Saint-Germain ពីក្លិប Benfica ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់។
Ramos វ័យ ២២ ឆ្នាំបានឆ្លងកាត់សាលាថ្នាលរបស់ក្លិបព័រទុយហ្គាល់ ហើយស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ក្នុង៣០ប្រកួតកាលពីរដូវកាលមុន។ នៅឯព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា រូបគេបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងមួយប្រកួត និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី ១លើក ក្នុងការលេងឱ្យក្រុមជម្រើសជាតិជាលើកដំបូង អំឡុងជ័យជម្នះលើក្រុមស្វីស នៅវគ្គ១៦ក្រុមចុងក្រោយ។
Ramos គឺជាកីឡាករចំណូលទី៨របស់ PSG នៅដើមរដូវកាលថ្មីនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារ Lucas Hernandez និងកីឡាករអេស្ប៉ាញ Marco Asensio ។ PSG នឹងចាប់ផ្ដើមយុទ្ធនាការនៃក្របខណ្ឌ Ligue 1 របស់ពួកគេដោយធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Lorient នៅចុងសប្ដាហ៍នេះ។
ការមកដល់របស់ Ramos ស្របពេលដែល PSG កំពុងមានទំនាស់ជាមួយខ្សែប្រយុទ្ធ Kylian Mbappe ដែលបានបដិសេធមិនចុះកុងត្រាថ្មី ប៉ុន្តែចង់លេងឱ្យ PSG មួយរដូវកាលសិនមុននឹងផ្ទេរទៅ Real Madrid នៅឆ្នាំក្រោយ ពោលគឺនៅពេលដែលកុងត្រារបស់គេផុតសុពលភាព៕