អតីតអ្នកចាំទី Gianluigi Buffon ទទួលការងារជាគ្រូជំនួយមួយរូបនៅក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីរូបគេបានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពកាលពីពេលថ្មីៗនេះ។
អតីតអ្នកចាំទីវ័យ ៤៥ឆ្នាំ នឹងក្លាយជាគ្រូជំនួយ ក៏ដូចជាជំនួយការរបស់លោក Roberto Mancini ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ហើយក៏ទទួលតំណែងជាប្រធានគណៈប្រតិភូអ៊ីតាលីផងដែរ។
ក្រោយទទួលបានតំណែងថ្មី Buffon បាននិយាយ ជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីបែបនេះថា៖ “អាវពណ៍ខៀវគឺជាផ្នែកមួយនេះជីវិតរបស់ខ្ញុំ ខ្ញុំនឹងដាក់ខ្លួនខ្ញុំទៅជួយសម្រាលបន្ទុកនៃក្រុមលោក Roberto Mancini និងជួយក្រុមឱ្យមានភាពល្អប្រសើរឡើងវិញ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាង។ ជាមួយអ៊ីតាលីវាមិនមែនជារង្វាន់ដែលអាចកាត់ថ្លៃបាននោះទេ តែជាការវិនិយោគ ការលះបង់ និងលទ្ធភាពទទួលបាន ជាថ្ងៃដ៏អស្ចារ្យសម្រាប់អ៊ីតាលី។ ខ្ញុំបានត្រលប់មកផ្ទះវិញហើយ។”
អតីតសមាជិក Juventus រូបនេះ នឹងទទួលការងារថ្មីនៅពេលដែលអ៊ីតាលីចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងពានរង្វាន់វគ្គជម្រុះ UEFA Euro 2024 នៅក្នុងខែកញ្ញា ទល់នឹងក្រុមម៉ាសេដូនៀខាងជើង និងអ៊ុយក្រែន។
Gianluigi Buffon ជាអ្នកចាំទីដែលកាន់កាប់កំណត់ត្រាបង្ហាញខ្លួនច្រើនជាងគេ នៅក្នុងក្របខណ្ឌ Serie A ដល់ទៅ ៦៥៧ប្រកួត និងបង្ហាញខ្លួនច្រើនជាងគេឱ្យជម្រើសជាតិអ៊ីតាលីចំនួន ១៧៦ប្រកួត ចាប់ពីឆ្នាំ ១៩៩៧-២០១៨។ រូបគេធ្លាប់បានបង្ហាញខ្លួនចំនួន ៥លើកនៅព្រឹត្តិការណ៍ World Cup ហើយដោយនៅឆ្នាំ ២០០៦ ជាឆ្នាំដែលគេបានឈ្នះពានរង្វាន់ World Cup ដោយបានបំបាក់ក្រុមបារាំង ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តី៕