នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡា ប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាពជំនាញ និងអ្នកសារព័ត៌មាន មកពីបណ្តាលអង្គភាពសារព័ត៌មាននានា ព្រមជាមួយអ្នកសហការឧបត្ថម្ភផងដែរ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន២៤៥២នាក់ លើ១០ប្រភេទកីឡារួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ និងគុនល្បុក្កតោ ដែលស្មើនឹង ៥១វិញ្ញាសា ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា ជំរុញឱ្យសិស្សានុសិស្សមានសកម្មភាពរាងកាយ មានសុខមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឱ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម៕