×

ក្រុមការពារតំណែងជើងឯកAFF U23វៀតណាម ប្រកាសតែងតាំងគ្រូបង្វឹកថ្មីដែលធ្លាប់លាលែងដោយសារកម្ពុជា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសពីការតែងតាំងលោក Hoang Anh Tuan ជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ (U23) នៅថ្ងៃទី៨ ខែសីហា ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF U23 Championship នៅប្រទេសថៃ ក្នុងខែសីហានេះ។

លោក Hoang Anh Tuan ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៨ឆ្នាំ ដែលលោកបានសុំលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ក្រុមជម្រើសជាតិ U18 កម្ពុជា ដោយលទ្ធផល ២-១ នៃពានរង្វាន់ AFF U-18 Championship កាលពីឆ្នាំ២០១៩ នៅក្នុងប្រទេសវៀតណាម។

ក្នុងពិធីតែងតាំងនោះ ប្រមុខសហព័ន្ធបាល់ទាត់វៀតណាម បានឱ្យដឹងថាលោក Tuan គឺជាគ្រូបង្វឹកដ៏សក្តិសមក្នុងការដឹកនាំក្រុម U23 ព្រោះកីឡាករភាគច្រើនក្នុងក្រុម U23 ត្រូវបានបណ្តុះបណ្តាលដោយរូបលោក Tuan ផ្ទាល់នៅពេលលោកជាគ្រូបង្វឹកក្រុម U ទាបជាងនេះ។ កីឡាករជាច្រើនទើបតែបានចូលរួមក្នុងការប្រកួតជើងឯកអាស៊ី U17 និង U20 នាពេលថ្មីៗនេះ។ លោកបានបង្កើតប្រវត្តិសាស្ត្រសម្រាប់វៀតណាម នៅពេលដឹកនាំក្រុមរបស់ខ្លួនទៅប្រកួតនៅពានរង្វាន់ FIFA U20 ឆ្នាំ២០១៧។

ការប្រកួត AFF U23 Championship ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា នៅខេត្ត Rayong និង Chonburi ប្រទេសថៃ។ វៀតណាមស្ថិតក្នុងពូល C ជាមួយហ្វីលីពីន និងឡាវ ដែលធ្វើឱ្យពួកគេមិនបានជួបក្រុម U23 កម្ពុជាដែលស្ថិតនៅពូល A នៅវគ្គចែកពូលនេះឡើយ។ ដោយពូល A មាន កម្ពុជា ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ស្របពេលដែលពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

ក្រុម U23 វៀតណាម នឹងចាកចេញទៅប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហា ហើយនឹងមានការប្រកួតមិត្តភាពជាមួយក្រុមបារ៉ែន នៅទីនោះ មុនពេលចាប់ផ្តើមការពារតំណែងជើងឯកពានរង្វាន់ AFF U23 របស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង