ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន៤៨នាក់ វិលត្រឡប់មកពីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា។
កម្ពុជាដណ្តើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះប្រភេទកីឡាចំបាប់មេដាយមាស ៣គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ១គ្រឿង, បាល់ទះក្នុងសាលមេដាយមាស ១គ្រឿង, កីឡាហែលទឹកមេដាយមាស ៦គ្រឿង ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ៣គ្រឿង, វាយកូនឃ្លីលើតុមេដាយមាស ២គ្រឿង ប្រាក់ ៣គ្រឿង, ការ៉ាតេមេដាយមាស ៣គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ ២គ្រឿង, លើកទម្ងន់ មេដាយមាស ២គ្រឿង, យូដូមេដាយប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង, បាល់ទះឆ្នេរខ្សាច់មេដាយប្រាក់ ១គ្រឿង និងចំបាប់កាច់ដៃមេដាយមាស ៧គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង។
កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជានគរបាលជាតិ ចំនួនសរុប ៤៨នាក់ លើ១៣ប្រភេទកីឡារួមមាន កីឡាវាយសី យូដូ ជឺជីតស៊ូ ការ៉ាតេ ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់កាច់ដៃ វាយកូនគោល លើកទម្ងន់ Bench Press និងកីឡាលើកទម្ងន់ Push -Pull Lifting ស្មើ ៧៦វិញ្ញាសា ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា៕