×

កីឡាការិនីជប៉ុន ចង់លើកពានWorld Cup ក្រោយខកខាន១២ឆ្នាំ

កីឡាការិនី Fuka Nagano ខ្សែបម្រើរបស់ក្រុមនារី Liverpool បានអះអាងថា សមាជិកក្រុមជម្រើសជាតិជប៉ុនមានភាពជឿជាក់ដើម្បីដណ្ដើមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៣។

Nagano បានរៀបរាប់ថា កាលពីនាងនៅជាកុមារី នាងឃើញក្រុមជម្រើសជាតិជប៉ុនបានលើកពានរង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ២០១១ ដែលវាបានជំរុញទឹកចិត្តឱ្យពួកគេចង់ធ្វើរឿងនេះម្ដងទៀត។

បន្ទាប់ពីក្រុមកីឡាការិនីអាមេរិក អាល្លឺម៉ង់ និងន័រវែសបានបាត់បង់ឱកាសក្នុងការឈានទៅវគ្គបន្តក្នុងព្រឹត្តិការណ៍ FIFA World Cup ផ្នែកនារីនៅឆ្នាំនេះ ក្រុមកីឡាការិនីជប៉ុន គឺជាក្រុមដែលនៅសល់ ដែលធ្លាប់បានឈ្នះពានរង្វាន់នេះ។ ពួកគេនឹងត្រូវជួបជាមួយស៊ុយអែត នៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃសុក្រ នៅកីឡដ្ឋាន Eden Park ។

គិតមកទល់ពេលនេះ ជប៉ុនមិនទាន់របូតគ្រាប់បាល់សូម្បីមួយគ្រាប់ឡើយ និងរកបាន១១គ្រាប់ នៅវគ្គសន្សំពិន្ទុ និងវគ្គ១៦ក្រុមចុងក្រោយ ក្នុងនោះរួមទាំងការទទួលជ័យជម្នះលើម្ចាស់ជើងឯកឆ្នាំ១៩៩៥ គឺន័រវែសដោយលទ្ធផល ៣-១ នៅវគ្គ១៦ក្រុមចុងក្រោយផងដែរ។

ក្រុមស៊ុយអែតក៏មិនមែនជាដៃគូធម្មតានោះឡើយ សម្រាប់ក្រុមរបស់លោក Futoshi Ikeda ដោយសារកត្តាកាយសម្បទារអំណោយផលរបស់ក្រុមមកពីតំបន់អឺរ៉ុបមួយនេះ។ ការជួបគ្នាចុងក្រោយ រវាងក្រុមទាំងពីរនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពី២ឆ្នាំមុន ស៊ុយអែតបានទម្លាក់ក្រុមម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល ៣-១ នៅវគ្គ៨ក្រុមចុងក្រោយ នៅទីក្រុង Saitama ប៉ុន្តែលោក Ikeda ចាត់ទុកបរាជ័យនេះ មិនមែនជាក្ដីបារម្ភសម្រាប់កូនក្រុមរបស់លោកក្នុងការប្រកួត នៅថ្ងៃទី១១ ខែសីហានេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង