នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយក្រុមគណៈកម្មការបច្ចេកទេសរៀបចំប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣។
ឯកឧត្តម ប៊ូ ជុំសេរីបានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិគឺ មានសារសំខាន់ក្នុងការបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ជួយឱ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហាត់ហ្វឹកហ្វឺនត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឱ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម និងធ្វើយ៉ាងណាសូមឱ្យលទ្ធផលក្លាយជាសមិទ្ធផលល្អសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ នៃរដ្ឋសភា។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមចូលរួមចំនួន ២៥ រាជធានី ខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ២៦០០នាក់ លើ១០ ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ប៉េតង់ និងគុនល្បុក្កតោ។
លោកប្រធានបានបន្ថែមទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣នេះ មានការប្រើប្រាស់ទីលានចំនួន ៦ទីតាំងរួមមាន ពហុកីឡដ្ឋានជាតិអូឡាំពិក មានទីលានកីឡា(អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT) វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា(បាល់ទះ បាល់ទាត់) វិទ្យាល័យបឹងត្របែក(បាល់ទាត់) វិទ្យាល័យជាស៊ីមបឹងកេងកង(បាល់ទាត់) មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា( បាល់បោះ តេក្វាន់ដូITF) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(គុនល្បុក្កតោ)៕