×

គ្រូក្រុមជម្រើសជាតិអ៊ីតាលី លាលែងតំណែងក្រោយដឹកនាំរយៈពេល៥ឆ្នាំ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោក Roberto Mancini បានដាក់ពាក្យស្នើសុំលាលែងពីតំណែងហើយ ក្រោយពីដឹកនាំរយៈពេល៥ឆ្នាំ។ នេះបើតាមការប្រកាសឱ្យដឹងពីសហព័ន្ធបាល់ទាត់អ៊ីតាលី។

បុរសវ័យ ៥៨ឆ្នាំ បានមកកាន់តំណែងក្រុមអ៊ីតាលី បន្ទាប់ពីក្រុមបានបរាជ័យក្នុងការកក់កៅអីទៅកាន់ព្រឹត្តិការណ៍ FIFA World Cup កាលពីឆ្នាំ២០១៨ ជាលើកដំបូង បន្ទាប់ពីក្រុមរហស្សនាម ទាហ៊ានអាស្សូរី មិនដែលខកខានការឡើងទៅជុំផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកទាល់តែសោះតាំងពីឆ្នាំ១៩៥៨។

លោក Roberto Mancini បានជួយក្រុមអ៊ីតាលីក្លាយជាជើងឯកពានរង្វាន់ UEFA Euro 2020 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអង់គ្លេស នៅក្នុងវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ៣-២ ក្រោយស្មើគ្នា ១-១ នៅ ១២០នាទី។

ក្រោមការដឹកនាំរបស់បុរសវ័យ ៥៨ឆ្នាំ អ៊ីតាលីបានរក្សាកំណត់ត្រាមិនចាញ់៣៧ប្រកួត ប៉ុន្តែ ពួកគេបានរងបរាជ័យជាថ្មី ក្នុងការកក់កៅអីទៅកាន់ព្រឹត្តិការណ៍ FIFA World Cup កាលពីឆ្នាំ២០២២ នាប្រទេសកាតា។

ជុំវិញរឿងនេះ សហព័ន្ធបាល់ទាត់អ៊ីតាលី បានចេញសេចក្តីប្រកាសថា៖ “សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានកត់សម្គាល់លើការសុំលាលែងពីតំណែងរបស់លោក Roberto Mancini ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី។ ចំពោះបេក្ខភាពគ្រូបង្វឹកថ្មី នឹងត្រូវធ្វើការប្រកាសនៅរយៈពេលបន្ទាប់ទៀត។”

លោក Roberto Mancini បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ក្នុងការឱ្យរូបលោកត្រូវលាលែងពីតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បន្ទាប់ពីក្រុមបរាជ័យក្នុងការកក់កៅអី ទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 ហើយប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី បានស្នើសុំជារឿយៗឱ្យលោកនៅបន្តកាន់តួនាទីនេះ តែយ៉ាងណាលោកនៅជ្រើសរើសការចាកចេញដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង