×

គ្រូ Bayern Munich សុំទោស Harry Kane ក្រោយរបូតពានរង្វាន់ German Super Cup

គ្រូបង្វឹក Thomas Tuchel បានបង្ហាញអារម្មណ៍សោកស្តាយ និងសុំទោសទៅកាន់ខ្សែប្រយុទ្ធចំណូលថ្មី Harry Kane បន្ទាប់ពីក្រុម Bayern Munich បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម RB Leipzig របូតពានរង្វាន់ German Super Cup កាលពីកន្លងទៅ។

ជាការពិត Harry Kane ដែលទើបតែចាកចេញពី Tottenham Hotspur មកចូលរួមជាមួយ Bayern Munich មិនដល់២៤ម៉ោងផង ក៏ត្រូវលោក Thomas Tuchel ដាក់ឱ្យ បង្ហាញខ្លួនក្នុងប្រកួតដំបូងសម្រាប់ក្រុមថ្មីរបស់ខ្លួនទៅហើយ។

យ៉ាងណា វត្តមានរបស់ Kane មិនអាចជួយ Bayern Munich បានឈ្នះឡើយ ដោយចាញ់ក្រុម RB Leipzig ក្នុងលទ្ធផល ៣-០ ជាការរកគ្រាប់បាល់ពីខ្សែបម្រើប្រយុទ្ធ Dani Olmo ទាំង៣គ្រាប់ ធ្វើឱ្យពួកគេក្លាយជាជើងឯកពានរង្វាន់ German Super Cup ឆ្នាំ២០២៣ ជាពានរង្វាន់មុនបើករដូវកាលថ្មី នៃក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ។

ក្រោយមិនអាចយកបានពានរង្វាន់ German Super Cup លោក Thomas Tuchel បានរៀបរាប់ថា៖ “ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះ Harry Kane គេប្រហែលមើលមកយើង ដូចក្រុមយើងមិនបានហ្វឹកហាត់ ៤ សប្តាហ៍អ៊ីចឹង ជាការពិតទម្រង់លេងយើងថ្ងៃនេះ វាអត់ដូចអ្វីយើងចង់បានទាល់តែសោះ ជារឿងដ៏ជូរចត់ ខ្ញុំពិតជាមានការសោកស្តាយខ្លាំង។”

សូមបញ្ជាក់ថា Harry Kane បានចុះហ្ថតលេខារយៈពេល៤ឆ្នាំជាមួយ Bayern Munich ក្នុងតម្លៃផ្ទេរ៨៦លានផោន ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Bundesliga ។ Kane ពាក់អាវលេខ ៩ សម្រាប់ Bayern Munich ខុសពីកាលរូបគេនៅជាមួយ Tottenham Hotspur ដោយពាក់អាវលេខ ១០ ។

មុនមកប្រកបអាជីពលើទឹកអាល្លឺម៉ង់ Kane បានធ្វើព្យុះធ្វើភ្លៀងនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ដោយស៊ុតបញ្ចូលទី២៨០គ្រាប់ពីការបង្ហាញខ្លួនសរុប៤៣៥ប្រកួតជាមួយ Spurs ហើយបើទោះបីជាមិនបានឈ្នះពានរង្វាន់ជាមួយក្រុមក៏ពិតមែន តែរូបគេគឺជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្ររបស់ Spurs ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង