×

ខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាបុគ្គលមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Instagram

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Instagram ដោយរកប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣ និង៣ឆ្នាំជាប់គ្នា។ រូបគេអាចរកបានជាង៣លានដុល្លារ ពីការបង្ហោះនៅលើបណ្តាញសង្គម Instagram មួយលើក។

ម្ចាស់ពានរង្វាន់ Ballon D’Or ៥សម័យកាល កាលពីខែមិថុនា បានជាប់ឈ្មោះជាកីឡាករដែលមានតម្លៃពលកម្មថ្លៃបំផុតនៅលើពិភពលោក តាមរយៈការកត់ត្រារបស់គេហទំព័រ Forbes លើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ក្រោយផ្លាស់ទៅក្លិប Al-Nassr នៅអារ៉ាប៊ីសាអូឌីត។ ឆ្នាំ ២០២៣ ដដែល Ronaldo បានក្លាយជាបុគ្គលកំពូលដែលមានបំផុតនៅលើបញ្ជីរបស់បណ្តាញសង្គម Instagram។

បញ្ជីដែលចងក្រងដោយឧបករណ៍កំណត់ពេលវេលា Instagram Hopper HQ គឺផ្អែកលើទិន្នន័យខាងក្នុង និងសាធារណៈដែលបង្ហាញថាតើអ្នកប្រើប្រាស់ម្នាក់ៗអាចរកបានចំណូលប៉ុន្មានសម្រាប់ការបង្ហោះនៅលើ Instagram ដូចទៅនឹងបណ្តាញ Youtube។

កីឡាករព័រទុយហ្គាល់រកបានប្រាក់ប្រមាណ ៣,២៣លានដុល្លារ ពីការបង្ហោះមួយលើកនៅលើ Instagram។ នេះបើតាមការកត់ត្រារបស់ Hopper HQ ខណៈ Ronaldo កំពុងខិតជិតមានអ្នកតាមដាន ឬ Follower ជិត ៦០០លាននាក់។

ដោយឡែកគូប្រជែងរបស់ Ronaldo គឺកីឡាករសញ្ជតិអាហ្សង់ទីន Lionel Messi ម្ចាស់ពានរង្វាន់ World Cup 2022 រកបានប្រាក់ចំណូលប្រមាណ ២,៦លានដុល្លារ ពីការបង្ហោះមួយលើក។ Messi មានចំនួនអ្នកចុចតាមដានប្រហាក់ប្រហែលទៅនឹង Ronaldo ដែរ។

Ronaldo និង Messi មិនត្រឹមតែធ្លាប់ប្រជែងគ្នានៅលើទីលាននោះទេ ពួកគេក៏នៅតែបន្តប្រជែងគ្នានៅការឥទ្ធិពលលើបណ្តាញសង្គមផងដែរ។ កីឡាករទាំងពីរឈរនៅចំណាត់ថ្នាក់កំពូល ដោយតាមពីក្រោយតារាល្បីៗ ដូចជាតារាចម្រៀង Selena Gomez តារាបង្ហាញម៉ូត Kylie Jenner ជាដើម។

កីឡាករ២នាក់ផ្សេងទៀតដែលបានជាប់ក្នុងចំណាត់ថ្នាក់ទាំង២០ នៃបុគ្គលមានឥទ្ធិពលនៃការរកប្រាក់ចំណូលច្រើន គឺកីឡាករកីឡាគ្រីខឃីតឥណ្ឌា Virat Kohli និងខ្សែប្រយុទ្ធប្រេស៊ីល Neymar ។

ជាប់ឈ្មោះជាបុគ្គលដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅលើ Instagram ខ្សែប្រយុទ្ធ Ronaldo រកបានប្រាក់ចំណូលពីការបង្ហោះ ១លើក ច្រើនជាង ១០ដង បើធៀបទៅនឹង Khaby Lame តារា TikTok ដែលមានអ្នកតាមដានច្រើនជាងគេ នឹងរកបានចំណូលច្រើនជាងគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង