×

ខ្សែប្រយុទ្ធ Neymar ឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅកាន់ក្លិប Al Hilal នៅអារ៉ាប៊ីសាអ៊ូឌីត

យោងតាមការសែតដ៏ល្បីរបស់បារាំង ‘L’Equipe’ បានអះអាងថា ខ្សែប្រយុទ្ធ Neymar បានឈានដល់កិច្ចព្រមព្រៀងដើម្បីផ្លាស់ចេញពីក្លិប PSG ទៅកាន់ក្លិប Al Hilal នៅក្របខណ្ឌ Saudi Pro League។

តាមពិតទៅ ក្លិប PSG ចង់បាន ៨០លានអឺរ៉ូ សម្រាប់កីឡាករវ័យ៣១ឆ្នាំ ហើយការចចាររវាងក្លិបទាំងពីរ កំពុងតែដំណើរការទៅបានយ៉ាងល្អ។ Neymar គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Al Hilal ដោយទទួលបានថ្លៃពលកម្មចំនួន ១០០លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈការផ្លាស់ទៅកាន់ទីនោះរូបគេនឹងក្លាយជាមិត្តរួមក្រុមជាមួយកីឡាករ Kalidou Koulibaly, Rúben Neves និង Sergej Milinkovic-Savic ផងដែរ។

Neymar មិនបានចូលរួមជាមួយក្រុមរបស់ PSG សម្រាប់ការប្រកួតបើករដូវកាលថ្មី នៃក្របខណ្ឌលីគកំពូលបារាំង Ligue 1 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចំពេលដែលមានរបាយការណ៍អំពីការចាកចេញពីរបស់គេផងដែរ។ ជាមួយគ្នានេះ ការវិលត្រឡប់ទៅចូលរួមជាមួយក្លិប Barcelona របស់ Neymar ក៏ត្រូវបានបណ្តាសារព័ត៌មានចាប់អារម្មណ៍ខ្លាំងផងដែរ បន្ទាប់ពីប្រធានក្រុម Sergi Roberto បាននិយាយថា រូបគេបានពិភាក្សាអំពីរឿងនេះជាមួយ Neymar ។

ជាមួយនឹងការចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ PSG បានព្យាយាមបញ្ចេញ Neymar នៅរដូវក្តៅនេះ ខណៈរូបគេ មិនបានសម្រេចតាមការរំពឹងទុកលើការផ្ទេរក្នុងតម្លៃ ២២២លានអឺរ៉ូពី Barcelona ក្នុងឆ្នាំ២០១៧ ដែលជាតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនោះឡើយ។

ដោយឡែក PSG បានប្រកួតបើកឆាកលីគកំពូលបារាំង កាលពីថ្ងៃសៅរ៍ក្នុងរដូវកាលថ្មីនៃក្របខណ្ឌ Ligue 1 ហើយក្រុមបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Lorient ដោយគ្មានគ្រាប់បាល់នោះទេ។ កីឡាករ ១១នាក់ដំបូងរបស់ PSG គឺគ្មានកំពូលខ្សែប្រយុទ្ធជួរមុខទាំង៣ កាលពីរដូវកាលមុននោះទេ ដូចជា Messi បានផ្លាស់ទៅកាន់ក្លិប Inter Miami របស់អាមេរិក ចំណែកឯ Neymar និង Kylian Mbappe មិនត្រូវបានជាប់ឈ្មោះក្នុងក្រុមឡើយ ដោយសារតែការជាប់គាំងជាមួយក្លិបជុំវិញអនាគតរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង