×

ខ្សែប្រយុទ្ធ Neymar សម្រេចការផ្ទេរទៅកាន់ក្លិប Al-Hilal

ខ្សែប្រយុទ្ធ Neymar បានសម្រេចការផ្ទេរទៅចូលរួមក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ពីក្លិប Paris Saint-Germain ក្នុងតម្លៃផ្ទេរប្រមាណ ៩០លានអឺរ៉ូ។

កីឡាករប្រេស៊ីល មិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករ PSG ដែលលេងក្នុងការប្រកួត Ligue 1 ទល់នឹង Lorient នោះទេ។ Neymar មិនស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក Luis Enrique ទើបឈានដល់ការផ្លាស់ទៅកាន់ Al Hilal ដើម្បីទទួលយកការប្រកួតប្រជែងថ្មី ជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់។

សម្រាប់ការផ្ទេរនេះមានន័យថា PSG នឹងទទួលបានមកវិញតិចជាងពាក់កណ្តាល នៃតម្លៃកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ នៅពេលដែលពួកគេចំណាយលើការនាំយក Neymar ពីក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ ២០១៧ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់មានកីឡាកររូបណា បំបែកកំណត់ត្រានេះបាននៅឡើយ។

មានការរាយការណ៍ថា Neymar បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ដោយនឹងទទួលបានប្រាក់បៀរវត្សរ៍ពី Al Hilal ប្រមាណ ១៥០លានអឺរ៉ូ ស្មើនឹង៦ដងនៃប្រាក់ឈ្នួលដែលគេទទួលបាននៅ PSG ។

រយៈពេល ៦ រដូវកាលកន្លងមកក្នុងលេងនៅទឹកដី Parc des Princes នោះ Neymar បានបង្ហាញខ្លួនសរុប ១៧៣ដង ស៊ុតបាន១១៨គ្រាប់និងបានឈ្នះជើងឯក Ligue 1 ៥ដង Coupe de France ៣ដង French League Cup ២ដង និង French Super Cup ៣ដង ផងដែរ។

ដោយឡែក ការលេងជាមួយ Al Hilal នេះ Neymar នឹងពាក់អាវលេខ១០ហើយរូបគេនឹងក្លាយជាមិត្តរួមក្រុមជាមួយកីឡាករដែលទើបផ្លាស់ចេញពីក្លិបនៅអឺរ៉ុបដទៃទៀតដែលមានដូចជា Kalidou Koulibaly, Rúben Neves និង Sergej Milinkovic-Savic ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង