×

គ្រូU23កម្ពុជា ថាទោះការប្រមូលផ្ដុំលំបាកបន្តិច តែគាត់រីករាយនឹងកីឡាករជំនាន់ថ្មី

លោក Felix Dalmas គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានលើកឡើងពីផលលំបាកក្នុងការប្រមូលផ្ដុំកីឡាករត្រៀមសម្រាប់ព្រឹត្តិការណ៍ AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ ប៉ុន្តែលោកសប្បាយចិត្តនឹងកីឡាករជំនាន់ថ្មីដែលអាចបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុមជម្រើសជាតិព្រុយណេអាយុក្រោម២៣ឆ្នាំ លោក Felix ជនជាតិអាហ្សង់ទីនបានប្រាប់ដូច្នេះថា៖ “យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្ដុំកីឡាករ ព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA Day អ៊ីចឹងកីឡាករសំខាន់មួយចំនួនត្រូវអវត្តមាន ប៉ុន្តែពួកយើងក៏ទទួលបានកីឡាករថ្មីៗជាច្រើន”។

លោក Felix បានបង្ហើបថា ចំពោះការហូបចុក និងការស្នាក់នៅ គឺខាងម្ចាស់ផ្ទះថៃ បានរៀបចំបានល្អ បន្ទាប់ពីក្រុមកម្ពុជាបានទៅដល់ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញនេះ។

ពានរង្វាន់ AFF U23 Championship នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ២៦ ខែសីហា នៅប្រទេសថៃ។ ការបែងចែកពូល A B និង C គឺក្នុងពូលA មាន កម្ពុជា ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ស្របពេលដែលពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈវៀតណាមដែលជាក្រុមការពារតំណែងជើងឯក ស្ថិតនៅពូល C ជាមួយហ្វីលីពីន និងឡាវ។

ការប្រកួតទីមួយរបស់កម្ពុជា នឹងត្រូវជួបព្រុយណេ នៅថ្ងៃទី១៧ ខែសីហា នាកីឡដ្ឋាន PTT Stadium ខេត្តរ៉ាក់យ៉ុង រួចបន្តប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី១៩សីហា មុនប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ នៅ២ថ្ងៃបន្ទាប់ នៅកីឡដ្ឋានដដែល។

ក្រុមលេខ១ក្នុងពូលនីមួយៗ និងក្រុមលេខ២ល្អដាច់គេ នឹងឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែសីហា។

វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រទាំងអស់ ត្រូវរៀបចំនៅកីឡដ្ឋាន Rayong៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង