លោក Vlatko Andonovski គ្រូបង្វឹករបស់ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក បានលាលែងពីតំណែង បន្ទាប់ពីគាត់មិនអាចជួយឱ្យកូនក្រុមរបស់គាត់ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ២០២៣។
យោងតាមសារព័ត៌មាន AP ឱ្យដឹងថា ប្រភពជិតស្និទ្ធនឹងគ្រូបង្វឹក Vlatko Andonovski បានប្រាប់មកកាន់ពួកគេ ដោយសុំមិនបញ្ចេញឈ្មោះ ស្របពេលដែលការប្រកាសជាផ្លូវការ ត្រូវបានរំពឹងថានឹងត្រូវបានធ្វើឡើងឆាប់ៗ។
អាមេរិកដែលជាម្ចាស់ជើងឯកពិភពលោក ៤ សម័យកាល បានទទួលជ័យជម្នះលើក្រុមកីឡការិនីវៀតណាម នៅក្នុងការប្រកួតដំបូងនៃចែកពូល ហើយបន្តប្រកួតស្មើជាមួយហូឡង់ និងព័រទុយហ្គាល់។
អាមេរិក លេងបានយ៉ាងល្អក្នុងវគ្គ១៦ក្រុមចុងក្រោយ ទល់នឹងស៊ុយអែត ប៉ុន្តែទីបំផុត ពួកគេបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់។ អាមេរិករកបានតែ ៤ គ្រាប់ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ២០២៣នេះ។ វាជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់អាមេរិក ដែលមិនអាចបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងព្រឹត្តិការណ៍ World Cup ។
លោក Andonovski វ័យ ៤៦ ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមកីឡាការិនីជម្រើសជាតិអាមេរិក ក្នុងខែតុលាឆ្នាំ២០១៩ ដោយចូលកាន់តំណែងជំនួសលោក Jill Ellis ដែលបានដឹកនាំសហរដ្ឋអាមេរិកឱ្យឈ្នះពានរង្វាន់ World Cup ២លើកជាប់គ្នា៕