×

ខ្សែប្រយុទ្ធ Neymar ថា ការផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ព្រោះចង់សាងប្រវត្តិសាស្ត្រថ្មី

ខ្សែប្រយុទ្ធ Neymar បាននិយាយកាលពីពេលថ្មីៗនេះថា ការដែលរូបគេបានផ្លាស់មកចូលរួមជាមួយក្លិប Al Hilal នៅក្របខណ្ឌ Saudi Pro League គឺព្រោះតែរូបគេចង់សាងប្រវត្តិសាស្ត្រថ្មីនៅក្នុងវិស័យកីឡា។

កីឡាករប្រេស៊ីល បានវិវឌ្ឍខ្លួនមកចុះចូលនៅក្លិបក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដូចបណ្តាកីឡាករដទៃ ហើយហេតុផលក៏បញ្ជាក់ឥតខុសគ្នា ត្រង់ថាមកទីនេះ ដោយសារមើលឃើញចក្ខុវិស័យដ៏ល្អ ដូចគ្នានឹងសមិទ្ធផលសម្រេចនៅតំបន់អឺរ៉ុប វាគ្រប់គ្រាន់ណាស់ទៅហើយ។

Neymar វ័យ ៣១ ឆ្នាំ ជ្រើសយកការចែកផ្លូវពីក្លិប PSG មកចូលរួមក្លិប Al-Hilal ក្នុងតម្លៃផ្ទេរ ៩០លានអឺរ៉ូ ជាមួយប្រាក់ឈ្នួលរកបានដល់ ១៥០ លានអឺរ៉ូ ក្នុងមួយរដូវកាលឯណោះ។

ប្រាប់ទៅកាន់កាសែត TalkSPORT អតីតសមាជិក Barcelona លើកឡើងថា៖ “ខ្ញុំបានសម្រេចច្រើនណាស់ហើយនៅអឺរ៉ុប ក៏បានរីករាយជាមួយពេលវេលានៅទីនោះ។ ខ្ញុំតែងតែចង់ក្លាយជាកីឡាករលំដាប់ពិភពលោកមួយរូប ក៏ចង់សាកល្បងខ្លួនឯងនៅកន្លែងប្រកួតប្រជែងថ្មី ហើយចង់កត់ត្រាកំណត់ត្រាថ្មី។ ក្របខណ្ឌ Saudi Pro League ពោរពេញដោយថាមពលដ៏អស្ចារ្យ កីឡាករដ៏គុណភាពនៅពេលឥឡូវនេះ។”

Neymar មិនស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក Luis Enrique ទើបឈានដល់ការផ្លាស់ចេញពី PSG ទៅកាន់ Al Hilal ដើម្បីទទួលយកការប្រកួតប្រជែងថ្មី ជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់។ រយៈពេល ៦ រដូវកាលកន្លងមកក្នុងលេងនៅទឹកដី Parc des Princes នោះ Neymar បានបង្ហាញខ្លួនសរុប ១៧៣ដង ស៊ុតបាន១១៨គ្រាប់និងបានឈ្នះជើងឯក Ligue 1 ៥ដង Coupe de France ៣ដង French League Cup ២ដង និង French Super Cup ៣ដង ផងដែរ។

ដោយឡែក ក្លិប Al Hilal ទំនងបង្ហាញវត្តមាន Neymar លើទីលាន ក្នុងការប្រកួតទល់នឹង Al Feiha នៅក្នុងការប្រកួត នាចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង