សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដាក់ពិន័យ អ្នកគាំទ្រក្រុម Dinamo Zagreb ដោយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតក្រៅដីនៅក្នុងពានរង្វាន់អឺរ៉ុប នៅរដូវកាលនេះទេ បន្ទាប់ពីអ្នកគាំទ្រម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្ររបស់ក្រុម AEK Athens កាលពីដើមខែសីហានេះ។
មនុស្សជាង ១០០ នាក់ ដែលភាគច្រើនជាអ្នកគាំទ្រក្រុមក្រូអាត Dinamo Zagreb ត្រូវបានចោទប្រកាន់ពីបទប៉ះទង្គិចគ្នាដែលនាំឱ្យអ្នកគាំទ្រក្រុមក្រិក AEK Athens វ័យ ២៩ ឆ្នាំ ដែលមានឈ្មោះថា Michalis Katsouris ត្រូវបានចាក់សម្លាប់នៅទីក្រុង Athens កាលពីថ្ងៃទី ៨ ខែសីហា។ ឧប្បត្តិហេតុនេះ បានកើតឡើងមុនពេលការប្រកួតជម្រុះពានរង្វាន់ UEFA Champions League រវាងក្រុមទាំងសងខាង។
ជុំវិញរឿងនេះ ប្រធាន UEFA លោក Alexander Ceferin បានជួបជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅទីក្រុង Athens កាលពីចុងសប្តាហ៍កន្លងទៅ ហើយបានជំរុញឱ្យវិស័យកីឡាបាល់ទាត់អឺរ៉ុប ត្រូវតែលុបបំបាត់ជំងឺមហារីកនៅក្នុងវិស័យកីឡានោះគឺ អំពើទុច្ចរិត ការរើសអើង និង ការប្រើប្រាស់អំពើហិង្សាជាដើម។
UEFA ដែលបានហាមឃាត់អ្នកគាំទ្រក្រុមទាំងពីររួចហើយ ក្នុងការចូលរួមក្នុងការប្រកួតវគ្គជម្រុះទាំងពីរជើងបាននិយាយថា ពួកគេបានចាត់ទុកការប្រកួតទាំងអស់ដែលពាក់ព័ន្ធនឹងអ្នកគាំទ្ររបស់ក្រុម Dinamo ថា ជាការប្រកួតដែលមានហានិភ័យខ្ពស់។
AEK Athens បានយកឈ្នះលើ Dinamo Zagreb ដោយលទ្ធផលសរុបទាំង២ជើង ៤-៣ ហើយពួកគេនឹងប្រកួតជាមួយក្រុមបែលហ្ស៊ីក Antwerp ក្នុងវគ្គ Play-off ចុងក្រោយ។ ចំណែកឯក្រុម Dinamo Zagreb នឹងបន្តយុទ្ធនាការការប្រកួតពានរង្វាន់អឺរ៉ុបរបស់ពួកគេក្នុងវគ្គជម្រុះ UEFA Europa League វិញម្តង៕