×

ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាកិជាតិឆ្នាំ២០២៣ ត្រៀម១២ប្រភេទកីឡា ចាប់ផ្ដើមពីថ្ងៃទី២-១១ខែកញ្ញា

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣២៥៧នាក់ លើ១២ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងការ៉េតេ ដែលស្មើនឹង ១០៥វិញ្ញាសា។

ការប្រកួត នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ នេះបើយោងយោងតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំនាយបេសកកម្ម នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នាថ្ងៃទី២១ខែសីហាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ដួង មាសចំរើន អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកីឡា ដែលមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យរាជធានី ខេត្ត តំណាងសហព័ន្ធជាតិ ព្រមទាំងមន្ត្រីរាជការនៃនាយកដ្ឋានជំនាញជាច្រើនរូប។

លោកអគ្គនាយកស្តីទី មានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា ជំរុញឱ្យសិស្សានុសិស្សមានសកម្មភាពរាងកាយ មានសុខមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឱ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង