×

ក្រោយឈ្នះជើងឯក FIFA Women’s World Cup គ្រូក្រុមជម្រើសជាតិនារីអេស្ប៉ាញ ថាការលះបង់ទាំងអស់គឺសក្កិសមនឹងតម្លៃ

ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពិភពលោកនារី FIFA Women’s World Cup 2023 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីអង់គ្លេស នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល ១-០។

ការប្រកួតដែលធ្វើឡើងនាទីកីឡដ្ឋាន Stadium Australia ស្ថិតក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលីនោះ ក្រុមទាំងសងខាងត្រូវបានមើលឃើញថា បានបើកការវាយសម្រុកយ៉ាងខ្លាំងក្លាដាក់គ្នាទៅវិញទៅមក។ យ៉ាងណា ក្រុមនារីអេស្ប៉ាញ ជាអ្នកបើកការនាំមុខមុន ដោយកីឡាការិនី Olga Carmona នៅក្នុងនាទី២៩។ ក្រុមនារីអង់គ្លេសបានព្យាយាមតាមរកគ្រាប់បាល់មកវិញដែរ តែមិនបានសម្រេច។ វគ្គទី១ក៏បញ្ចប់ដោយលទ្ធផល ១-០។

ចូលដល់វគ្គទី២ នាទី៧០ អេស្ប៉ាញស្ទើរតែរកបាន១គ្រាប់ទៀតទៅហើយដោយការទាត់បាល់ពិន័យ១១ម៉ែត្រ របស់កីឡាការិនី Jennifer Hermoso ប៉ុន្តែត្រូវសង្គ្រោះបាន។ យ៉ាងណា លទ្ធផល ១-០ បានបន្តដល់ចប់ការប្រកួត ហើយក្រុមនារីអេស្ប៉ាញបានក្លាយជាជើងឯកនៃព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ដែលជាការឈ្នះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកនាង។

នៅក្រោយការឈ្នះដ៏ធំធេងនេះ គ្រូបង្វឹកក្រុមជម្រើសជាតិនារីអេស្ប៉ាញ លោក Jorge Vilda បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង និងថាទីបំផុត ការខិតខំប្រឹងប្រែងកន្លងមក គឺសក័្កសមនឹងតម្លៃដែលពួកគេទទួលបាននៅពេលនេះ។

លោក Jorge Vilda បានថ្លែងដូច្នេះថា៖ “ពួកយើងបានឆ្លងកាត់ភាពលំបាកច្រើនខ្លាំងណាស់ ប៉ុន្តែវាជាផ្លូវដែលយើងត្រូវធ្វើដំណើរដើម្បីបានក្លាយជាជាជើងឯកនៅពេលនេះ។ វាស័ក្កសមនឹងតម្លៃបំផុត ខ្ញុំគិតថាវាជាឆ្នាំដ៏អស្ចារ្យ។ ទោះបីជាមានការពិបាកក្នុងកម្រិតផ្ទាល់ខ្លួន និងការគ្រប់គ្រងក៏ដោយ ប៉ុន្តែនៅកម្រិតកីឡា យើងសម្រេចបានលទ្ធផលដែលយើងមិនធ្លាប់បានសម្រេចពីមុនមក។”

ដោយឡែក ក្រុមនារីអង់គ្លេស ដែលចង់ក្លាយជាក្រុមជម្រើសជាតិអង់គ្លេសដំបូងគេ ចាប់តាំងពីក្រុមបុរសក្នុងឆ្នាំ ១៩៦៦ ដើម្បីឈ្នះពាន World Cup បានទទួលរងនូវការខកចិត្តបន្ទាប់ពីត្រូវបានរងបរាជ័យ បានត្រឹមតំណែងរងជើងឯកដូច្នេះ។ សម្រាប់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣គឺក្រុមជម្រើសជាតិនារីស៊ុយអែត ហើយក្រុមម្ចាស់ផ្ទះអូស្ត្រាលីទោះជាខកខានឱកាសឡើងដណ្តើមតំណែងជើងឯក ប៉ុន្តែអូស្ត្រាលីបានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតគួរអោយភ្ញាក់ផ្អើល ដោយពួកគេបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយទទួលបានចំណាត់ថ្នាក់លេខ៤ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង