គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយកាលពីពេលថ្មីៗនេះថា ក្លិបរបស់លោកមិនមានគម្រោងនាំចូលខ្សែការពារថ្មីបន្ថែមនោះទេ។
ជាការពិត បន្ទាប់ពីខ្សែការពារ Eder Militao បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរកាលពីសប្ដាហ៍មុនដែលធ្វើឱ្យរូបគេត្រូវសម្រាកព្យាបាលជាច្រើនខែ។ ដូច្នេះហើយ ក៏មានការចោទសួរលើកឡើងថា Real Madrid នឹងនាំចូលកីឡាកររូបណាមកជំនួស។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក Ancelotti បានបញ្ជាក់ថា លោកមិននាំចូលអ្នកណាឡើយ ព្រោះក្រុមបច្ចុប្បន្នល្អគ្រប់គ្រាន់ហើយ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានអះអាងបែបនេះថា៖ “បើទោះ Militao មានរបួស ប៉ុន្តែ Real Madrid នៅសល់កីឡាករ Rudiger កីឡាករ Nacho និង Alaba ព្រមទាំង Mavel ទៀត។ ដូច្នេះ ពួកយើងមិនចាំបាច់នាំចូលកីឡាករថ្មីឡើយ។ ខ្ញុំមិនចាំបាច់ត្រូវការកីឡាករបន្ថែមទេ ខ្ញុំពេញចិត្តជាមួយកីឡាកររបស់ខ្ញុំនៅពេលនេះ ហើយក្រុមរបស់យើងមានភាពល្អគ្រប់គ្រាន់ហើយ។”
សូមបញ្ជាក់ថា Real Madrid កំពុងមានបញ្ហាកីឡាករបង្គោលមានរបួស ហើយរបួសរយៈពេលវែងទៅទៀត។ តួយ៉ាង អ្នកចាំទីដៃទីមួយ Thibaut Courtois ទើបតែរងរបួសដាច់សរសៃពួរដែរកាលពីពេលសប្ដាហ៍ទៅ ហើយនាពេលថ្មីៗនេះ ខ្សែការពារ Militao ក៏រងរបួសនេះដែរ។ របួសនេះតម្រូវឱ្យកីឡាករទាំងពីរវះកាត់ជង្គង់ ហើយសម្រាកព្យាបាលជាច្រើនខែទម្រាំអាចមកជួយក្រុមវិញ៕