លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារី Women’s World Cup 2023 រកបានប្រាក់ចំណូលប្រមាណ ៥៧០លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រាថ្មីមួយសម្រាប់ស្ថាប័នបាល់ទាត់ពិភពលោក។
ជាការពិត ការប្រកួត World Cup 2023 មានតម្លៃប្រាក់រង្វាន់ ១១០លានដុល្លារច្រើនជាង ៣ដង បើធៀបទៅនឹងតម្លៃកាលពីឆ្នាំ ២០១៩ និងដប់ដងបើធៀបទៅឆ្នាំ ២០១៥។ បើប្រៀបធៀបនឹងការប្រកួតបាល់ទាត់បុរស World Cup 2022 នាប្រទេសកាតា កាលពីខែធ្នូ ឆ្នាំ២០២២ តម្លៃប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍មានប្រមាណ ៤៤០លានដុល្លារ លើស៣ ដងនៃប្រាក់រង្វាន់សរុបនៃការប្រកួតបាល់ទាត់ស្ត្រីក្នុងឆ្នាំ ២០២៣។
ទាក់ទិននឹងរឿងនេះ លោក Infantino បាននិយាយថា ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រីលើកទី៩ គឺជាការប្រកួតដែលល្អបំផុត អស្ចារ្យបំផុត និងធំបំផុត ដោយការប្រកួតត្រូវបាន FIFA សម្រេចបង្កើនក្រុមប្រកួតពីចំនួន ២៤ ឡើងដល់ ៣២ក្រុម ព្រមទាំងប្រាក់រង្វាន់ថែមទៀត។ អូស្ត្រាលី និងនូវែលហ្សេឡង់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Women’s World Cup 2023 បានយ៉ាងល្អ។
បុរសសញ្ជាតិស្វីសបានថ្លែងបែបនេះ៖ “ការប្រកួត World Cup នារីនេះទទួលបានប្រាក់ចំណូល ៥៧០លានដុល្លារ ហើយដែលយើងបំបែកកំណត់ត្រា យើងមិនបានខាតបង់ប្រាក់តែមានតែចំណេញ និងជាតម្លៃខ្ពស់ទីពីរក្នុងវិស័យកីឡាថែមទៀត បន្ទាប់ពីការប្រកួតបាល់ទាត់បុរសលំដាប់ថ្នាក់ពិភពលោក។”
សូមបញ្ជាក់ថា ការប្រកួត Women’s World Cup 2023 បានបញ្ចប់ហើយ ដោយក្នុងនោះក្រុមបាល់ទាត់នារីអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុមនារីអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ ។ ក្រុមចំណាត់ថ្នាក់លេខ៣គឺគ្រុមនារីស៊ុយអែត ដោយយកឈ្នះក្រុមម្ចាស់ផ្ទះអូស្ត្រាលី ២-០៕