×

វីរបុរស Arsenal លោក Thierry Henry ត្រូវតែងតាំងជាគ្រូបង្វឹមក្រុមU21បារាំង

អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង Thierry Henry ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអាយុក្រោម ២១ ឆ្នាំក្រុមជម្រើសជាតិបារាំង ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។

វីរបុរសក្រុមកាំភ្លើងធំ Arsenal ដែលបានជួយបារាំងលើកពាន World Cup នៅលើទឹកដីខ្លួនឯងក្នុងឆ្នាំ ១៩៩៨ បានមកជំនួសតំណែងលោក Sylvain Ripoli ។

Henry វ័យ ៤៦ ឆ្នាំធ្លាប់មានបទពិសោធពីរដងក្នុងតួនាទីជាជំនួយការគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិបែលហ្ស៊ីក និងដឹកនាំក្រុម Monaco និងក្រុម Montreal Impact ។ គាត់នឹងដឹកនាំក្រុមអាយុក្រោម ២៣ ឆ្នាំរបស់បារាំង នៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលសហព័ន្ធបាល់ទាត់បារាំង (FFF) បានចាត់ទុកជាគោលដៅដ៏សំខាន់ដើម្បីឈ្នះមេដាយមាស។

Henry ក៏នឹងដឹកនាំកីឡាករអាយុក្រោម ២១ ឆ្នាំដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំ២០២៥។ អតីតគ្រូបង្វឹក Auxerre U19 និង Angers លោក Gerald Baticle អាយុ ៥៣ ឆ្នាំនឹងចូលរួមជាមួយHenry ជាជំនួយការ។

Henry ស៊ុតបញ្ចូលទីបាន ៥១ គ្រាប់ពីការបង្ហាញខ្លួន ១២៣ លើកសម្រាប់ប្រទេសបារាំង ហើយក៏បានជួយឱ្យពួកគេឈ្នះជើងឯក Euro ក្នុងឆ្នាំ២០០០ផងដែរ។

គាត់បានចូលរួមជាមួយក្រុមបែលហ្ស៊ីកក្នុងខែឧសភា ឆ្នាំ២០២១ ក្នុងនាមជាជំនួយការគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Roberto Martinez ប៉ុន្តែលោក Domenico Tedesco បានស្នងតំណែង Martinez ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដែលធ្វើឱ្យលោក Henry ក៏ត្រូវបាត់បង់ការងារផងដែរ។

Henry នឹងបង្ហាញបញ្ជីឈ្មោះកីឡាករ U21នៅថ្ងៃទី៣១ ខែសីហា សម្រាប់ការប្រកួតមិត្តភាពជាមួយដាណឺម៉ាក និងការប្រកួតជម្រុះ Euro U21 ក្រៅដីជាមួយស្លូវេនី នៅខែក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង