ខ្សែប្រយុទ្ធ Neymar របស់ក្លិប Al Hilal បានធ្វើដំណើរមកដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគេមិនអាចជួយក្លិបនៅក្នុងការប្រកួតលើទីលានបាននៅឡើយទេ។
ជាការពិត កីឡាករប្រេស៊ីល បានចូលរួមជាមួយ ក្លិប Al Hilal ក្រោយចាកចេញពីក្លិបបារាំង Paris St Germain ដោយចុះកុងត្រារយៈពេល២ឆ្នាំ ហើយក្នុងនោះសារព័ត៌មានកីឡាដ៏ល្បីរបស់បារាំង L’Equipe បានផ្សព្វផ្សាយថា Neymar អាចរកបានដល់ទៅ១៦០លានអឺរ៉ូឯណោះ។
ទោះយ៉ាងណា ការមកដល់ក្លិបនៅក្របខណ្ឌ Saudi Pro League របស់ Neymar ក៏មិនមានន័យថា រូបគេអាចលេងបានភ្លាមៗដែរ ដោយរបាយការណ៍វេជ្ជសាស្ដ្ររបស់ក្លិបបានឱ្យដឹងថា កីឡាករវ័យ៣១ឆ្នាំ មានបញ្ហារបួស ដែលអាចឱ្យគេអវត្តមានពីទីលានយ៉ាងហោចណាស់មួយខែ។
Neymar នឹងធ្វើតេស្ដបន្ថែមទៀតនាពាក់កណ្តាលសប្តាហ៍នេះ ហើយប្រសិនបើអវត្តមាន១ខែ មានន័យថា កីឡាករម្ចាស់អាវលេខ១០រូបនេះ អាចនឹងបង្ហាញខ្លួនលើកដំបូង សម្រាប់ Al Hilal នាថ្ងៃទី២០ ខែកញ្ញាខាងមុខ ក្នុងជំនួបទល់នឹង Damac FC។
សម្រាប់ការលេងជាមួយ Al Hilal នេះដែរ Neymar នឹងលេងជាមួយកីឡាករដែលផ្ទេរចេញពីក្លិបអឺរ៉ុបដទៃទៀតដែលមានដូចជា Kalidou Koulibaly Rúben Neves Sergej Milinković-Savić Yassine Bounou និង Aleksandar Mitrović ជាដើម៕