×

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ប្រឈមការរបូតតំណែងក្រោយថើបមាត់កីឡាការិនីដោយមិនមានការអនុញ្ញាត

ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales កំពុងប្រឈមនឹងការរបូតតំណែងរបស់ខ្លួន បន្ទាប់ពីបានថើបមាត់កីឡាការិនីដោយមិនមានការអនុញ្ញាត បន្ទាប់ពីក្រុមជម្រើសជាតិនារីអេស្ប៉ាញ ឈ្នះជើងឯក FIFA Women’s World Cup 2023។

បុរសវ័យ៤៥ឆ្នាំ បានថើបមាត់កីឡាការិនីខ្សែបម្រើ Jenni Hermoso អំឡុងពិធីលើកពានរង្វាន់បាល់ទាត់ពិភពលោកនារី ដោយបានឈ្នះក្រុមនារីអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ ១-០ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ តែ កីឡាការិនី Hermoso បាននិយាយថា នាងមិនបានពេញចិត្តទេ។

យ៉ាងណា សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅពេលក្រោយរបស់ Hermoso បាននិយាយការពារលោក Rubiales ពីការរិះគន់របស់មហាជន ដោយថា នៅពេលនោះ គឺជាកាយវិការនៃក្តីស្រលាញ់ និងភាពរីករាយដ៏ក្រៃលែង នៃការឈ្នះពានរង្វាន់ Women’s World Cup។

ដោយឡែក លោក Rubiales បានទទួលស្គាល់កំហុសឆ្គង និងធ្វើការសុំទោសជាសាធារណៈផងដែរ ប៉ុន្តែទង្វើរបស់លោកនៅតែត្រូវបានរដ្ឋមន្ត្រីរដ្ឋាភិបាលអេស្ប៉ាញមួយចំនួនរិះគន់ និងរងការរិះគន់កាន់តែខ្លាំងថែមទៀត នៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាក់ស្តែង លោកស្រី Irene Montero រដ្ឋមន្ត្រីសមភាពរបស់អេស្ប៉ាញបាននិយាយថា៖ “វាជាទម្រង់នៃការបំពានផ្លូវភេទ ដែលស្ត្រីទទួលរងការឈឺចាប់ជារៀងរាល់ថ្ងៃ រហូតមកដល់ពេលនេះ វាត្រូវបានគេមើលរំលង យើងមិនអាចធ្វើវាឱ្យធម្មតាបានទេ។ យើងមិនគួរសន្មតថា ការថើបដោយគ្មានការយល់ព្រមពីភាគីម្ខាងទៀត គឺជាអ្វីកើតឡើងធម្មតានោះទេ។”

ទោះបានធ្វើសុំទោសជាសាធារណៈ ក៏ដោយ លោក Rubiales នៅតែទទួលបានការមិនពេញចិត្តពីមហាជន ហើយគេចង់ឃើញប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញរូបនេះ លាលែងចេញពីតំណែងចំពោះទង្វើមិនអាចទទួលយកបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង