×

Inter Miami បន្តឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup 2023 ក្រោយទម្លាក់ FC Cincinnati

ក្រុម Inter Miami ដែលមានកំពូលខ្សែប្រយុទ្ធ Lionel Messi កំពុងប្រកបអាជីពនៅទីនោះ បានកក់កៅអីឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ US Open Cup 2023 ក្រោយពីយកឈ្នះក្រុម FC Cincinnati ដោយការទាត់បាល់កាត់សេចក្តី ៥-៤ ក្រោយស្មើគ្នា ៣-៣ នៅ១២០នាទី។

ការប្រកួតនាទីលាន TQL Stadium ស្ថិតក្នុងទីក្រុង Cincinnati ក្រុមទាំង២ត្រូវបានមើលឃើញថា មានការវាយសម្រុកដាក់គ្នាយ៉ាងខ្លាំងក្លា។ លេងបាន១៨នាទី ក្រុមម្ចាស់ផ្ទះ FC Cincinnati បាននាំមុខមុនដោយ កីឡាករ Luciano Acosta ដែលជាការស៊ុតបញ្ចូលទីតែ១គ្រាប់ក្នុងវគ្គទី១។

នៅវគ្គទី២ ក្រុម FC Cincinnati បន្តនាំមុខគ្រាប់ទី២ ដោយកីឡាករ Brandon Vázquez ស៊ុតចូលនៅនាទី ៥៣។ យ៉ាងណាមិញ ក្រុមភ្ញៀវ Inter Miami បានធ្វើការវាយបកទៅវិញផងដែរ ដោយ នៅនាទី៦៧ Lionel Messi បានធ្វើការលើកបាល់ចែកយ៉ាងល្អ ដើម្បីឱ្យមិត្តរួមក្រុម កីឡាករ Leonardo Campana តែតបញ្ចូលទីតាមបាន១គ្រាប់មកវិញ។ នៅនាទីបន្ថែមបង្គ្រប់ ៩០+៧ Lionel Messi បានធ្វើការលើកបាល់បានយ៉ាងល្អម្តងទៀត ដើម្បីឱ្យ Leonardo Campana ធ្វើការតែតបញ្ចូលទី តាមស្មើបានសម្រេចឱ្យក្រុម Inter Miami។

លទ្ធផលនេះបានឈានដល់ការបន្ថែមម៉ោង ១៥នាទី២ដង ដោយក្នុងនោះនៅនាទី ៩៣ កីឡាករ Josef Martínez បានស៊ុតបញ្ចូលទី ផ្តល់ការនាំមុខឱ្យ ក្រុម Inter Miami ប៉ុន្តែនាទី១១៤ កីឡាករ Yuya Kubo បានទាត់បញ្ចូលទីស្រួលៗ ជួយឱ្យក្រុម FC Cincinnati តាមស្មើមកវិញ។

ការប្រកួតក៏បន្តមកដល់ការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ដោយក្នុងនោះ Inter Miami ធ្វើបានសម្រេចទាំង៥គ្រាប់ ដោយ Messi, Farías Ruiz Martínez និងCremaschi ខណៈក្រុម FC Cincinnati បានភ្លាត់ស្នៀតដោយ Nick Hagglund។

សម្រាប់ជ័យជម្នះការប្រកួតនេះ Inter Miami នឹងបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ US Open Cup 2023 ដោយការប្រកួតនឹងធ្វើឡើង នាថ្ងៃទី២៧ខែកញ្ញាខាងមុខ។

ដោយឡែក ចាប់តាំងពីការចូលរួមរបស់ Lionel Messi មក Inter Miami មានលទ្ធផលល្អជាបន្តបន្ទាប់ ដោយពួកគេក៏ទើបតែបានឈ្នះពានរង្វាន់ Leagues Cup កាលពីពេលថ្មីៗនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង