×

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចង់ឱ្យប្រមុខដឹកនាំវិស័យបាល់ទាត់ចុះចេញពីតំណែង

នាយកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បានចេញមុខសុំទោសជាសាធារណៈចំពោះការថើបកីឡាការិនី Jenni Hermoso អំឡុងពេលអបអរសាទរជ័យជម្នះជើងឯក FIFA World Cup ឆ្នាំ២០២៣។ យ៉ាងណា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ ថាការសុំទោសនេះមិនទាន់គ្រប់គ្រាន់ទេ។

រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភីជើងឯកអេស្ប៉ាញ និងឆ្លៀតថើបកីឡាការិនី Hermoso ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup ។

ការថើបកីឡាការិនីពីសំណាក់លោក Rubiales បានបង្កឱ្យមានការខឹងសម្បារក្នុង និងក្រៅប្រទេសអេស្ប៉ាញ ដោយមានមនុស្សជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ទាមទារឱ្យលោក Rubiales ចុះចេញពីតំណែង។
ទាក់ទងនឹងមុខតំណែងនៅក្នុងសហព័ន្ធបាល់ទាត់អេស្ប៉ាញវិញ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ក៏បានលើកឡើងដែរថា រដ្ឋាភិបាលអេស្ប៉ាញគ្មានសិទ្ធិលូកដៃនៅក្នុងផ្នែកនៃសហព័ន្ធ ដើម្បីដកនរណាម្នាក់ចេញពីតំណែងឡើយ។

តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram និង YouTube កីឡាការិនី Hermoso បាននិយាយជាមួយមិត្តរួមក្រុមបែបលេងសើចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា នាងមិនចូលចិត្តនូវទង្វើនេះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង