×

Roberto Mancini ក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត

Roberto Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីគាត់បានលាលែងពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី បានប្រហែល២សប្ដាហ៍តែប៉ុណ្ណោះ។

លោក Mancini វ័យ ៥៨ ឆ្នាំ បានដឹកនាំអ៊ីតាលីទទួលជ័យជម្នះក្លាយជាជើងឯកពានរង្វាន់ Euro ឆ្នាំ២០២០ ដោយបានផ្តួលក្រុមម្ចាស់ផ្ទះអង់គ្លេសដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ។

ក្រុមអ៊ីតាលីនេះ បានបង្កើតកំណត់ត្រាពិភពលោកដោយមិនស្គាល់ពាក្យថាចាញ់ ៣៧ប្រកួត។ ប៉ុន្តែពួកគេមិនបានឆ្លងផុតវគ្គជម្រុះ Playoff ដើម្បីឈានទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ឡើយ។

លោក Mancini បានចុះកិច្ចសន្យាជាគ្រូរបស់អារ៉ាប៊ីសាអ៊ូឌីតរហូតដល់ឆ្នាំ២០២៧។ ការដឹកនាំអ៊ីតាលីដំបូងរបស់គាត់ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ទល់នឹងក្រុមកូស្តារីកា នៅកីឡដ្ឋាន St James’ Park ជាទឹកដីរបស់ក្លិប Newcastle United នៅប្រទេសអង់គ្លេស។

លោក Mancini បាននិយាយថា៖ “ខ្ញុំជឿថានេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធបាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពកីឡាបាល់ទាត់នៅអាស៊ី”។
“វត្តមានរបស់កីឡាករកំពូលៗនៅក្នុងក្របខណ្ឌ Saudi Pro League បង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើនក្នុងវិស័យបាល់ទាត់ជាតិ”។

ក្នុងការប្រកួត World Cup កាលពីឆ្នាំមុន ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Herve Renard អារ៉ាប៊ីសាអ៊ូឌីតបានធ្វើឱ្យយកឈ្នះក្រុមអាហ្សង់ទីនក្នុងដោយលទ្ធផល ២-១ ក្នុងប្រទេសកាតា ប៉ុន្តែមិនអាចឆ្លងផុតវគ្គចែកពូលឡើយ។

លោក Mancini ធ្លាប់បានដឹកនាំក្លិប Manchester City ឱ្យឈ្នះពានរង្វាន់ក្របខណ្ឌ Premier League លើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០១២ ហើយថែមទាំងបានដឹកនាំក្រុម Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង