សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបើកដំណើរការនីតិវិធីប្រឆាំងនឹងលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ ដែលថើបមាត់កីឡាការិនី Jenni Hermoso បន្ទាប់ពីក្រុមជម្រើសជាតិនារីអេស្ប៉ាញ ឈ្នះជើងឯកពានរង្វាន់ FIFA Women’s World Cup 2023 ដែលប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ធ្វើជាសហម្ចាស់ផ្ទះរួម។
លោក Rubiales បានថើបមាត់កីឡាការិនីខ្សែប្រយុទ្ធ Jenni Hermoso ក្នុងពិធីបំពាក់មេដាយមាស បន្ទាប់ពីអេស្ប៉ាញយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ១-០ ហើយក្រោយមកបុរសវ័យ៤៦ឆ្នាំ ក៏បានធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសអចេតនារបស់ខ្លួន ព្រោះតែភាពរីករាយខ្លាំងពេកជាមួយនឹងជោគជ័យរបស់ក្រុមជម្រើសជាតិនារីរបស់ខ្លួន។
តាមរបាយការណ៍ជាច្រើនចេញពីអេស្ប៉ាញ បានឱ្យដឹងថា លោក Rubiales នឹងប្រកាសលាលែងពីតំណែងរបស់ខ្លួន ដោយបានជូនដំណឹងដល់ក្រុមការងារពីការសម្រេចចិត្តរួចរាល់ហើយ។
លោក Rubiales បានបាត់បង់ការគាំទ្រពី កីឡាករ កីឡាការិនី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល FIFA និង អង្គការក្នុងស្រុក ដែលពឹងផ្អែកលើថវិការបស់សហព័ន្ធអេស្ប៉ាញ ជាពិសេសគឺសំឡេងប្រឆាំងពីមហាជនកក្រើកប្រទេសអេស្ប៉ាញ។
FIFA បានប្រកាសនឹងពិនិត្យមើលថា តើសកម្មភាពរបស់លោក Rubiales គឺជាការបំពានលើមាត្រា ១៣ នៅក្នុងក្រមវិន័យរបស់ខ្លួន ទាក់ទងនឹងអាកប្បកិរិយាប្រមាថ ការប្រកួតប្រកបដោយយុត្តិធម៌ ភក្តីភាព និងសុចរិតភាព។ ពួកគេក៏រំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការគោរពសុចរិតភាពរបស់បុគ្គលទាំងអស់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាផ្ទុយពីនេះ។ លើសពីនេះទៀត សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដែលហៅកាត់ថា RFEF បានកោះប្រជុំមហាសន្និបាតវិសាមញ្ញ ដោយបានហៅថា គឺជាបញ្ហាបន្ទាន់៕