×

គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ជឿថា ខ្លួននឹងទទួលជោគជ័យប្រសិនបើមានពេលគ្រប់គ្រាន់

គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត លោក Roberto Mancini បាននិយាយដោយការជឿជាក់ថា រូបលោកនឹងទទួលជោគជ័យ បើមានពេលគ្រប់គ្រាន់ក្នុងការធ្វើការជាមួយកីឡាករ។

លោក Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ២សប្តាហ៍ក្រោយប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី។ លោកធ្លាប់បានដឹកនាំអ៊ីតាលីលើកពានរង្វាន់ UEFA Euro 2020 ក្រោយឈ្នះអង់គ្លេសដោយការទាត់បាល់ទាត់សេចក្តី ១១ម៉ែត្រ។

បុរសវ័យ៥៨ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតរហូតដល់ឆ្នាំ ២០២៧ ដោយការប្រកួតដំបូងរបស់លោកដឹកនាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា គឺត្រូវជួបតទល់ក្រុមកូស្តារីកា នាកីឡដ្ឋាន St James’ Park របស់ក្រុម Newcastle United។

ដោយឡែក នៅក្នុងឱកាសទទួលការតែងតាំង និង បង្ហាញខ្លួនជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតថ្មីជាផ្លូវការ លោក Mancini បានបង្ហាញពីភាពរីករាយ និងភាពជឿជាក់ថា លោកនឹងព្យាយាមជួយក្រុមទទួលជោគជ័យអោយបាន។

លោក Mancini បាននិយាយបែបនេះថា៖ “ខ្ញុំជឿជាក់ថានេះគឺជាឱកាសមួយដ៏ល្អ ដើម្បីអាចស្វែងយល់ពីបាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសប្រទេសដែលកំពុងតែរីកចំរើនខ្លាំងនៃប្រជាប្រិយភាពបាល់ទាត់។ ការបង្ហាញវត្តមាននៅកីឡាករកំពូលៗជាច្រើននៅក្នុងក្របខណ្ឌ Saudi Pro league គឺជាការបង្ហាញពីការលូតលាស់យ៉ាងល្អខ្លាំងក្លានៃក្រុមជម្រើសជាតិ។ ក្រៅពីនេះ ខ្ញុំជឿថា ខ្ញុំនឹងជួយក្រុមទទួលបានជោគជ័យ បើសិនខ្ញុំមានពេលវេលាដើម្បីធ្វើការជាមួយកីឡាករទាំងអស់។”

កាលពីឆ្នាំ ២០២២ ក្នុងព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតដែលបានដឹកនាំដោយលោក Herve Renard គឺជាក្រុមគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានបំបាក់ក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គចែកពូល ដោយលទ្ធផល ២-១ នៅក្នុងប្រទេសកាតា។ អារ៉ាប៊ីសាអ៊ូឌីតមិនអាចឆ្លងផុតវគ្គចែកពូល តែពួកគេក៏សាងប្រវត្តិសាស្ត្រល្បីពេញមួយពិភពលោកដោយជាក្រុមតែមួយគត់អាចបំបាក់ក្រុមជើងឯក World Cup។

លោក Mancini ជាអតីតគ្រូបង្វឹកក្រុម Man City ហើយបានជួយក្រុមដែលកំពុងមានភាពខ្លាំងនាពេលបច្ចុប្បន្នមួយនេះឈ្នះពានរង្វាន់ Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ ២០១២។ លោកក៏បានចូលដឹកនាំ Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង