លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានព្យួរពីការងារ ចំនួន៣ខែរួចហើយ ប៉ុន្តែគាត់អាចប្រឈមមុខទណ្ឌកម្មធ្ងន់ធ្ងរជាងនេះពីការជំរុញរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ។
បច្ចុប្បន្ន FIFA បានព្យួរលោក Rubiales ពីតួនាទីជាបណ្ដោះអាសន្ន បន្ទាប់ពី Rubiales បានសម្រេចចិត្តមិនលាលែងពីតំណែងនៅឯមហាសន្និបាតរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីថ្ងៃសុក្រ ហើយថែមទាំងគំរាមប្តឹងកីឡាការិនី Jenni Hermoso ដែលគាត់បានថើបមាត់ ដោយគ្មានការយល់ព្រម ក្រោយអេស្ប៉ាញឈ្នះពានរង្វាន់ FIFA Women’s World Cup 2023។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា FIFA អាចស្នើឱ្យមានការព្យួររហូតដល់ ១៥ឆ្នាំសម្រាប់ទង្វើរបស់លោក Rubiales ខណៈករណីនេះ ត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្បាប់របស់ប្រទេសអេស្ប៉ាញ។ គណៈកម្មាធិការជាន់ខ្ពស់សម្រាប់កីឡារបស់ក្រសួងកីឡានៅក្នុងប្រទេសអេស្ប៉ាញ បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់តុលាការកីឡារបស់ប្រទេសនេះ។
លោក Rubiales ប្រឈមនឹងការព្យួរចន្លោះពី ២ ដល់ ១៥ឆ្នាំ ដោយ FIFA បានលើកទឹកចិត្តឱ្យមានការដាក់ទណ្ឌកម្មជាអតិបរមា។ មតិសាធារណៈប្រឆាំងនឹងលោក Rubiales នៅក្នុងប្រទេសអេស្ប៉ាញ មានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនេះ សហព័ន្ធក៏បានស្នើសុំឱ្យលោក Rubiales លាលែងពីតំណែងភ្លាមៗផងដែរ ប៉ុន្តែគាត់ទំនងជាគ្មានចេតនាធ្វើបែបនេះទេ៕