ថ្នាក់ដឹកនាំរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានអំពាវនាវឱ្យលោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF ចុះចេញពីតំណែង ក្រោយមានរឿងអាស្រូវថើបកីឡាការិនី អំឡុងពេលកម្មវិធីចែកមេដាយនៅព្រឹត្តិការណ៍ Women’s World Cup 2023។
តំណែងរបស់លោក Rubiales កំពុងមានកម្តៅខ្លាំង ក្រោយមានបញ្ហា បន្ទាប់ពីលោកបានថើបមាត់កីឡាការិនី Jenni Hermoso អំឡុងកម្មវិធីប្រគល់មេដាយមាសដល់ក្រុមនារីអេស្ប៉ាញដែលឈ្នះជើងឯកបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣។ រូបលោកបានរងការរិះគន់ខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើន ក្នុងប្រទេសអេស្ប៉ាញអំពាវនាវឱ្យចុះចេញពីតំណែង។
ដោយឡែក មានសេចក្តីរាយការណ៍ថា RFEF បានចាត់វិធានការក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ស្នើសុំឱ្យ UEFA ព្យួរការប្រកួតរបស់ក្រុមខ្លួនមួយរយៈពីការប្រកួតអន្តរជាតិនានា ដើម្បីសង្គ្រោះការងាររបស់លោក Rubiales។ ក្រោយមក សមាជិកនៃរដ្ឋាភិបាលអេស្ប៉ាញជាច្រើនបានបន្ថែមសំឡេងរបស់ពួកគេក្នុងការទាមទារឱ្យលោក Rubiales ចាកចេញពីតំណែង។
យ៉ាងណា មកដល់ពេលនេះ មានសេចក្តីថ្លែងការណ៍រួមមួយពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗក្នុងសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ ជាក្រុមចុងក្រោយគេបង្អស់ដែលបានដាក់ការអំពាវនាវឱ្យលោក Rubiales ចុះចេញតំណែងប្រធាន RFEF តែម្តង។
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA កាលពីថ្ងៃទី២៦ ខែសីហា ក៏បានសម្រេចចិត្តព្យួរការងាររបស់លោក Rubiales ពីការសកម្មភាពបាល់ទាត់រយៈពេល ៣ខែ ដើម្បីបើកការស៊ើបអង្កេតលើរឿងអាស្រូវការថើបកីឡាការិនីផងដែរ៕