ក្លិប Inter Milan នៅលីគកំពូលអ៊ីតាលី បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Benjamin Pavard ដោយផ្ទេរមកពីក្លិប Bayern Munich នៅលីគកំពូលអាល្លឺម៉ង់។
មិនមានព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុអំពីការផ្ទេរនេះត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាកីឡាករវ័យ ២៧ ឆ្នាំបានចូលរួមជាមួយក្រុមរបស់លោក Simone Inzaghi ក្នុងតម្លៃប្រហែល ៣២ លានអឺរ៉ូ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
Benjamin Pavard ដែលបានចូលរួមជាមួយ Bayern Munich ពីក្លិប Stuttgart កាលពីឆ្នាំ ២០១៩ បានរួមចំណែកជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Bundesliga ចំនួន៤ដង ហើយរូបគេក៏បានឈ្នះពានរង្វាន់ FIFA World Cup 2018 ជាមួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងក្នុងការប្រកួតនៅទឹកដីប្រទេសរុស្ស៊ីផងដែរ។
រូបគេគឺជាកីឡាករទី៩ហើយ ដែល Inter Milan បាននាំយកមកចូលរួមក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ យ៉ាងណា គ្រូបង្វឹកលោក Inzaghi បាននិយាយថា រូបលោកនៅតែសម្លឹងរកមើលកីឡាករខ្សែការពារដែលមានបទពិសោធមករួមក្រុមបន្ថែមទៀត បន្ទាប់ពីការចាកចេញរបស់ខ្សែការពារ Milan Skriniar ទៅកាន់ក្លិបបារាំង Paris St Germain រួចមក។
ដោយឡែក Inter Milan បានចាប់ផ្តើមរដូវកាល Serie A របស់ពួកគេយ៉ាងគួរអោយចាប់អារម្មណ៍ ដោយឈ្នះការប្រកួតពីរលើកដំបូង។ ការប្រកួតជាបន្តគឺ Inter Milan នឹងត្រូវទទួលក្រុមភ្ញៀវ Fiorentina នៅចុងសប្តាហ៍នេះ៕