×

កីឡាករហូឡង់ Max Verstappen ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Italian Grand Prix

កីឡាករហូឡង់ Max Verstappen បានបន្តទទួលជ័យជម្នះជាថ្មីម្តងទៀត នៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី Italian Grand Prix ។

ការប្រកួតបានធ្វើឡើង នាទីលានដែលមានឈ្មោះថា Monza Circuit ស្ថិតក្នុងទីក្រុង Monza ប្រទេសអ៊ីតាលី ដោយកីឡាករទាំងអស់ ត្រូវធ្វើការប្រជែងគ្នា ជិះចំនួន៥៣ជុំទីលាន សរុបចម្ងាយផ្លូវ ប្រមាន 306.720 គីឡូម៉ែត្រ។

យ៉ាងណា Max Verstappen កីឡាករជើងខ្លាំងរបស់ក្រុម Red Bull Racing បានបញ្ចប់ទីព្រ័ត្រ មុនគេ ប្រើពេលអស់ ១ម៉ោង ១៣នាទី និង៤១វិនាទីចុច១៤៣។ នេះគឺជាការបង្កើតកំណត់ត្រាថ្មីរបស់ កីឡាករ វ័យ២៥ឆ្នាំ គឺការឈ្នះការប្រកួតចំនួន១០ទីលានជាប់ៗគ្នា ហើយក៏ជាជ័យជម្នះទីលានទី១២ នៅក្នុងការប្រកួតរដូវកាលឆ្នាំ ២០២៣នេះ។ មិត្តរួមក្រុមរបស់ Max Verstappen គឺកីឡាករម៉ិកស៊ិក Sergio Pérez ស្ថិតនៅចំណាត់ថ្នាក់លេខ២ យឺតជាង ៦វិនាទី ចុច០៦៤ ហើយកីឡាករអេស្ប៉ាញ Carlos Sainz មកពីក្រុម Ferrari ស្ថិតនៅចំណាត់ថ្នាក់លេខ៣ បញ្ចប់ទីព្រ័ត្រ យឺតជាង ១១វិនាទី ចុច១៩៣។

នៅខណៈនេះដែរ Max Verstappen នៅតែបន្តឈរកំពូលតារាងពិន្ទុសរុប មានដល់ទៅ ៣៦៤ពិន្ទុ រីឯ Sergio Pérez នៅលេខ២ មាន២១៩ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន១៧០ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Italian Grand Prix គឺជាដំណាក់កាលទី១៤ក្នុងចំណោម២២នៃ ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល២០២៣។ ការប្រកួតទីលានជាបន្ត ដំណាក់កាលទី១៥ គឺជាកម្មវិធី កម្មវិធី Italian Grand Prix ធ្វើឡើងនាទីក្រុង Singapore ប្រទេសសិង្ហបុរី ថ្ងៃទី ១៧ ខែកញ្ញា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង