ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានបន្ទោសប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales ថា បានបំផ្លាញកម្មវិធីអបអរជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ ក្រោយឈ្នះជើងឯក Women’s World Cup 2023 ដោយការថើបត្រង់បបូរមាត់កីឡាការិនី Jenni Hermoso។
FIFA បានដំណើរការការស៊ើបអង្កេតទៅលើទង្វើររបស់លោក Rubiales ហើយបានព្យួរការងាររបស់បុរសវ័យ ៤៦ឆ្នាំ ពីសកម្មភាពបាល់ទាត់រយៈពេល ៣ខែ ចំពោះការថើបលើកីឡាការិនី Hermoso អំឡុងពិធីបំពាក់មេដាយដល់ក្រុមជើងឯក។ អេស្ប៉ាញយកឈ្នះលើក្រុមនារីអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2023 ក្នុងទីក្រុងសីដនី ប្រទេសអូស្ត្រាលី។
ក្រោយពេលរងការរិះគន់ខ្លាំង ជុំវិញការថើបនោះ លោក Rubiales បានចេញមុខសុំទោសជាសាធារណៈ ប៉ុន្តែការសុំទោសមិនគ្រប់គ្រាន់ក្នុងការបន្ថយភាពតានតឹងនោះទេ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ក៏បានលើកឡើងថាការសុំទោសគឺមិនគ្រប់គ្រាន់ នឹងអំពាវនាវឱ្យលោក Rubiales ចុះចេញពីតំណែង។
រឿងអាស្រូវនៃការថើបនេះ ត្រូវបានប្រធាន FIFA លើកយកមកបកស្រាយ ដោយលោក Infantino បានអះអាងថា កម្មវិធីអបអរការឈ្នះពានរង្វាន់របស់ក្រុមនារីអេស្ប៉ាញ បានរងការខូចខាត ដោយទង្វើររបស់លោក Rubiales។
លោក Infantino បានលើកឡើងបែបនេះថា៖ “ការប្រារព្ធពិធីដ៏អស្ចារ្យបំផុតសម្រាប់ម្ចាស់ជើងឯកទាំងនេះត្រូវបានបំផ្លាញដោយអ្វីដែលបានកើតឡើងបន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ។ បញ្ហានេះ ស្ថាប័នវិន័យរបស់ FIFA បានទទួលខុសត្រូវភ្លាមៗ និងចាត់វិធានការចាំបាច់។ ស្ថាប័នរបស់យើងគួរតែបន្តផ្តោតទៅលើការគាំទ្រកីឡាបាល់ទាត់នារី បន្ថែមទៀតទាំងក្នុង និងក្រៅទីលាន។”
រដ្ឋអាជ្ញាអេស្ប៉ាញ ក៏បានបើកការស៊ើបអង្កេតបឋមមួយលើលោក Rubiales ថាតើការប្រព្រឹត្តអំពើនៃការថើបលើកីឡាការិនី Hermoso ជាឈ្លានពានផ្លូវភេទដែរឬទេ។ ក្រោយរឿងហេតុកើតឡើងនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ បានធ្វើឱ្យក្រុមនារីអេស្ប៉ាញម្ចាស់ជើងឯក World Cup 2023 ទាំង ៣២នាក់ធ្វើពហិការចូលរួមប្រកួតប្រជែងសម្រាប់ជម្រើសជាតិអេស្ប៉ាញ ។ ពួកនាង មិនចង់ឱ្យស្ថាប័នបាល់ទាត់កំពូលអេស្ប៉ាញ ស្ថិតក្រោមការដឹកនាំរបស់លោក Rubiales ទៀតឡើយ៕