×

អង្គការសហប្រជាជាតិព្រមានលីគកំពូលអ៊ីតាលីចំពោះការរើសអើងជាតិសាសន៍

គណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ បានព្រមានលីគកំពូលអ៊ីតាលី Serie A ចំពោះការរើសអើងលើកីឡាករបាល់ទាត់ដែលមានសញ្ជាតិដើមអាហ្រ្វិក អំឡុងពេលប្រកួត។

ការរំលោភបំពានការរើសអើងជាតិសាសន៍លើកីឡាករដែលមានដើមកំណើតអាហ្រ្វិក ឬមកពីអឺរ៉ុបខាងកើត នៅក្នុងក្របខណ្ឌ Serie A បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិយ៉ាងខ្លាំង ជាពិសេសបម្រាម ១ប្រកួតរបស់ខ្សែប្រយុទ្ធ Romelu Lukaku។

Lukaku ទទួលបានកាតក្រហម ក្រោយពីទទួលបានកាតលឿង ២លើកក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Italian Cup រវាង Inter Milan ទល់នឹង Juventus។
កីឡាករសញ្ជាតិបែលហ្ស៊ីកបានកាតក្រហម ក្រោយពីបានរកគ្រាប់បាល់តាមស្មើ Juventus ហើយបានអបអរការស៊ុតបាល់នោះចំពោះមុខអ្នកគាំទ្ររបស់ក្រុមគូប្រជែង ដែលបានរើសអើងលើរូបគេ ដោយយកដៃដាក់ត្រង់បបូរមាត់ សំដៅឱ្យអ្នកគាំទ្រដែលស្អប់គេបិទមាត់។

បន្ទាប់ពីទទួលបានកាតក្រហម Lukaku បង្ហាញការខឹងយ៉ាងខ្លាំង ហើយបណ្តាលឱ្យមានការប៉ះទង្គិចគ្នាអំឡុងការប្រកួត។ ចំពោះបញ្ហាកាតក្រហមនោះ Lukaku ត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីបានលើកលែងការពិន័យវិញផងដែរ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអង្គការសហប្រជាជាតិ បាននិយាយអំពីក្តីបារម្ភចំពោះការរើសអើងនៃលីគកំពូលអ៊ីតាលី និងបានព្រមានចំពោះទង្វើមិនសមរម្យក្នុងអំឡុងការប្រកួត រួមទាំងកាយវាយប្រហារជាពាក្យសម្តីប្រឆាំង និងអត្តពលិកដែលមានដើមកំណើតអាហ្រ្វិក។ ពួកគេក៏បានស្នើឱ្យអ៊ីតាលី ស៊ើបអង្កេតរាល់ការរំលោភបំពានប្រកាន់ពូជសាសន៍នៅក្នុងកីឡា និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការរើសអើង។

ការបំពានលើការរើសអើងជាតិសាសន៍ពីអ្នកគាំទ្របាល់ទាត់ បានក្លាយជាបញ្ហានៅក្នុងប្រទេសជាច្រើន ហើយប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងការស៊ើបអង្កេតម្តងហើយម្តងទៀត ទៅលើបញ្ហារបស់ខ្សែប្រយុទ្ធ Real Madrid ,Vinicius Junior បានក្លាយជាករណីដ៏ល្បីខ្លាំងបំផុតមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង