×

ខ្សែការពារ Sergio Ramos វិលទៅចូលរួមក្លិបកាលពីកុមារភាព Sevilla

បន្ទាប់ពីចាកចេញអស់រយៈពេល១៨ឆ្នាំកន្លងមក ពេលនេះខ្សែការពារ Sergio Ramos បានវិលត្រឡប់ទៅចូលរួមក្លិបកាលពីកុមារភាពរបស់គេវិញហើយនោះគឺក្លិប Sevilla ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ La Liga។

កីឡាករវ័យ ៣៧ឆ្នាំ បានទំនេរមិនមានក្លិបលេង បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្លិប Paris Saint Germain នៅក្របខណ្ឌ Ligue 1 កាលពីខែមិថុនា។

មុនយល់ព្រមចូលរួមជាមួយ Sevilla នេះ Sergio Ramos បានទទួលសំណើជាច្រើនដូចជា សំណើពីក្លិបតួកគី Galatasaray ដោយផ្ដល់ឱ្យប្រាក់ឈ្នួល ១១លានអឺរ៉ូក្នុងមួយឆ្នាំ និងសំណើពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ដែលអាចឱ្យរូបគេទទួលបាន២០លានអឺរ៉ូក្នុងមួយរដូវកាល។

យ៉ាងណា Ramos បានបដិសេធនឹងសម្រេចផ្ទេរមកកាន់ Sevilla ដោយចុះកិច្ចសន្យារយៈពេល១ឆ្នាំ ដោយមានប្រាក់ពលកម្មទាបជាងជម្រើសផ្សេងទៀត គឺទទួលបានត្រឹមតែជាង២លានអឺរ៉ូប៉ុណ្ណោះ ក្នុងមួយរដូវកាល ទាបជាង៩០ភាគរយ នៃសំណើដែលគេអាចទទួលបានពីក្លិបអារ៉ាប៊ីសាអ៊ូឌីត។

Sergio Ramos បានផ្លាស់ទៅ PSG ដោយមិនមានថ្លៃផ្ទេរនៅឆ្នាំ ២០២១ បន្ទាប់ពីខកខានមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តការស្នាក់នៅ រយៈពេល១៦ ឆ្នាំរបស់គេជាមួយ Real Madrid ។ រូបគេបានឈ្នះពានរង្វាន់ Ligue 1 ចំនួន២ដង អំឡុងពេលពីររដូវកាលនៅទឹកដី Parc des Princes ។

នៅ Real Madrid វិញ រូបគេបានឈ្នះពានរង្វាន់ UEFA Champions Leagues ចំនួន៤ដង និងពានរង្វាន់ La Liga ចំនួន៥ដង ដោយលេងសរុបចំនួន ៦៧១ ប្រកួត និងស៊ុតបញ្ចូលទីបាន ១០១ គ្រាប់។

អតីតកីឡាករអន្តរជាតិរបស់អេស្ប៉ាញរូបនេះ ក៏បានឈ្នះពានរង្វាន FIFA World Cup ឆ្នាំ២០១០ និងពានរង្វាន់ UEFA Euro ២ដងផងដែរ មុនពេលប្រកាសចូលនិវត្តន៍ពីក្រុមអេស្ប៉ាញក្នុងខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង