សារព័ត៌មាន Marca នៅអេស្ប៉ាញ បានរាយការណ៍ឱ្យដឹងថា គ្រូបង្វឹកលោក Xavi បានយល់ព្រមបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយក្លិប Barcelona។
ជាការពិត បុរសវ័យ៤៣ឆ្នាំ ជិតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនហើយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣រដូវកាល នៅពេលដែលលោកបានចូលកាន់តំណែងនឹងទឹកដី Camp Nou កាលពីឆ្នាំ ២០២១។
យ៉ាងណាមិញ ពេលនេះ លោក Xavi និងក្លិប Barcelona បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសន្យាថ្មីដែលរក្សាតំណែងជាគ្រូបង្វឹកក្រុមអ្នកមានបុណ្យ រហូតដល់ចុងបញ្ចប់រដូវកាល ២០២៥–២៦ បន្ថែមពីលើកុងត្រាបច្ចុប្បន្នរបស់លោក ដែលសល់រយៈពេលតិចជាង ១២ ខែ។
ប្រភពខាងដើមដដែលបានឱ្យដឹងថា ប្រធានក្លិប Barcelona លោក Joan Laporta បានជួបមុខពិភាក្សាផ្ទាល់ជាមួយលោក Xavi រួចរាល់ហើយ ជុំវិញការបន្តកុងត្រាថ្មីនេះ ខណៈដែលកិច្ចព្រមព្រៀងជាផ្លូវការ នឹងត្រូវបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខ។
លោក Xavi បានដើរតួយ៉ាងសំខាន់ ក្នុងការដឹកនាំក្លិប Barcelona ឱ្យវិលត្រលប់មកកាន់កំពូលតារាងក្របខណ្ឌ La Liga និងទទួលបានតំណែងជើងឯកមកវិញ ដោយបញ្ចប់១០ពិន្ទុដាច់ពីលើគូប្រជែង Real Madrid កាលពីរដូវកាលមុន ទោះបីជាក្លិបកំពុងមានបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្តី។
សម្រាប់រដូវកាលថ្មីនេះវិញ Barcelona ក៏កំពុងតែចាប់ផ្តើមការប្រកួតយ៉ាងរឹងមាំផងដែរ ដោយបានឈ្នះបីប្រកួត និងស្មើមួយប្រកួតក្នុងចំណោមការប្រកួតក្របខណ្ឌ La Liga ៤លើកដំបូងរបស់ពួកគេ ដោយតាមពីក្រោយក្រុម Real Madrid ចំនួនពីរពិន្ទុ៕