×

មកដឹងពីស្ថិតិ៥ប្រកួតចុងក្រោយរបស់កម្ពុជា និងលីបង់ មុនជួបគ្នាយប់នេះនៅវគ្គជម្រុះ AFC U23

កម្ពុជា នឹងចាប់ផ្ដើមការប្រកួតក្នុងវគ្គចែកពូល នៃវគ្គជម្រុះ AFC U23 Asian Cup ឆ្នាំ២០២៣ ទល់នឹង លីបង់ នៅក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត វេលាម៉ោង ៨យប់តទៅ។

នេះអាចជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរក្នុងកម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ។ ទោះជាយ៉ាងណា ៥ប្រកួតចុងក្រោយរបស់កម្ពុជា ទទួលបានលទ្ធផលឈ្នះ១ ស្មើ២ និងចាញ់២។

ការប្រកួតចុងក្រោយបំផុតរបស់ U23 កម្ពុជា បានចាញ់ U23 ថៃ ដោយលទ្ធផល ២-០ នៅវគ្គចែកពូល សម្រាប់ពានរង្វាន់ AFF U23 Championship ។ ក្នុងកម្មវិធីប្រកួតនេះដែរ កម្ពុជា ក៏បានប្រកួតស្មើជាមួយមីយ៉ាន់ម៉ា ១-១ និងយកឈ្នះព្រុយណេ ក្នុងលទ្ធផល ៥-០។

ក្នុងឆ្នាំ២០២២ U23 កម្ពុជា ប្រកួតមិត្តភាពជាមួយ U23 ជប៉ុន ដែលលទ្ធផលចាញ់ ១-៣ ក្នុងការប្រកួតមិត្តភាព ក្រោយស្មើជាមួយម៉ាឡេស៊ី ២-២ នៅស៊ីហ្គេមក្នុងប្រទេសវៀតណាម។

សម្រាប់ U23 លីបង់ វិញ ៥ប្រកួតចុងក្រោយរបស់ពួកគេ គឺសុទ្ធតែជាការលេងមិត្តភាព ដែលមានតែឈ្នះនិងចាញ់ នៅក្នុងឆ្នាំ២០២៣។ ៣ប្រកួតចុងក្រោយ ក្រុមនេះបានចាញ់ យេមែន ២-១ ចាញ់អូម៉ង់ ១-០ និងចាញ់ស៊ីរី ៣-១។ ពួកគេក៏ធ្លាប់បានយកឈ្នះស៊ីរី ៣-២ ក្នុងការប្រកួតរំលងតែ៣ថ្ងៃ បន្ទាប់ពីរងបរាជ័យដោយសារហ្សកដានី ៣-០។

បន្ទាប់ពីជួបជាមួយលីបង់ ក្រុមកម្ពុជានឹងបន្តប្រកួតជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា និងប៉ះក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ការប្រកួតបិទបញ្ចប់ពូល J ។

ក្រុមដែលឈរនៅលេខ១ និងក្រុមលេខ២ល្អដាច់គេ ៤ក្រុម ក្នុងចំណោមពូលទាំង១១ នឹងឈានទៅលេងពានរង្វាន់ AFC U23 Asian Cup, Qatar 2024៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង