ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានបង្ហាញទម្រង់លេងដ៏ល្អមួយ ដែលអាចស្មើជាមួយក្រុមជម្រើសជាតិលីបង់អាយុក្រោម២៣ឆ្នាំ ដោយលទ្ធផល ២-២ ក្នុងការប្រកួតដំបូងនៅពូល J វគ្គជម្រុះ AFC U23 Asian Cup, Qatar 2024 ។
កូនក្រុមរបស់លោក Gyotoku Koji ត្រូវបាននាំមុខនៅនាទីទី៧ ពីកីឡាករ Mohammad Nasser របស់លីបង់ ប៉ុន្តែកម្ពុជាបានតាមស្មើដោយបាល់ Own Goal ពីខ្សែការពារ Ibrahim Chami នៅចុងវគ្គទីមួយ។
នៅដើមវគ្គទីពីរ កម្ពុជាបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ដោយអាចស្វែងរកគ្រាប់បាល់ទីពីរបាន ពីកីឡាករ សរ រតនា នៅនាទី៦៥។ ទោះជាយ៉ាងណា ក្រុមគោព្រៃជំទង់របូតគ្រាប់បាល់នៅនាទីទី៧៤ ដែលធ្វើបានដោយកីឡាករ Karim Mekkeoui របស់លីបង់។
វាមិនមែនជាលទ្ធផលអាក្រក់ពេកទេសម្រាប់កម្ពុជា ក្នុងការដណ្ដើមបាន១ពិន្ទុពីក្រុមមួយដែលអាចចាត់ទុកថាមានកម្រិតខ្ពស់ជាងខ្លួន។
ក្នុងការប្រកួតមួយផ្សេងទៀតក្នុងពូល J អារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះម៉ុងហ្គោលីដោយលទ្ធផល ៣-១ ។
បន្ទាប់ពីជួបជាមួយលីបង់ កម្ពុជានឹងបន្តប្រកួតជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា និងប៉ះក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ការប្រកួតបិទបញ្ចប់ពូល J ។
ក្រុមដែលឈរនៅលេខ១ និងក្រុមលេខ២ល្អដាច់គេ ៤ក្រុម ក្នុងចំណោមពូលទាំង១១ នឹងឈានទៅលេងពានរង្វាន់ AFC U23 Asian Cup, Qatar 2024៕