ខ្សែការពារ Sergio Ramos បានបង្ហាញខ្លួនជាសមាជិកថ្មីរបស់ Sevilla ជាផ្លូវការ ហើយ ខណៈកម្មវិធីបង្ហាញខ្លួនរបស់គេ បានទទួលការស្វាគមន៍ពីអ្នកគាំទ្រយ៉ាងច្រើន នាកីឡដ្ឋាន Ramón Sánchez Pizjuán ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។
ជាការពិត Ramos បានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិប Sevilla វិញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញអស់រយ:ពេល ១៨ ឆ្នាំ ខណៈនេះហាក់ជាការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយពីរូបគេសុខចិត្តចោលសំណើក្លិបធំៗជាច្រើន។
អតីតខ្សែការពារ Real Madrid គ្មានក្លិបលេងចាប់តាំងពីដើមខែមិថុនា បន្ទាប់ពីផុតកុងត្រាជាមួយក្លិប Paris Saint-Germain ប៉ុន្តែគេបានសម្រេចចិត្តបដិសេធសំណើលុយមហាសាលពីបណ្តាក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត និងតួកគី ដើម្បីមកចូលរួមជាមួយ Sevilla ដោយចុះកុងត្រារយៈពេល១ឆ្នាំ។
ក្រុមរបស់គ្រូបង្វឹកលោក Jose Luis Mendilibar នឹងចំណាយសម្រាប់ Ramos ជាង២លានអឺរ៉ូប៉ុណ្ណោះ បើទោះបីជាក្លិប Al Ittihad ហ៊ានផ្តល់ជូនដល់ ២២លានអឺរ៉ូក៏ដោយ តែរូបគេមិនបានចាប់អារម្មណ៍នោះឡើយ។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញខ្លួនជាសមាជិកថ្មីជាផ្លូវការ Ramos ក៏បាននិយាយក្នុងបទសម្ភាសដំបូងជាមួយក្លិប អំពីការសម្រេចចិត្តរបស់គេ។
Sergio Ramos បាននិយាយថា៖ “ខ្ញុំមានឱកាសបន្តនៅទីក្រុងប៉ារីស ២ ឆ្នាំទៀត តែខ្ញុំមិនចង់ទេ។ ខ្ញុំតែងតែសម្រេចចិត្ត ដោយសារតែកម្លាំងចិត្ត និងបេះដូង។ វាមិនមែនដោយសារលុយទេ។ នោះហើយជាមូលហេតុដែលខ្ញុំមិនបានទៅលេងនៅអារ៉ាប់។ នោះហើយជាមូលហេតុ ដែលខ្ញុំចុះហត្ថលេខាជាមួយ Sevilla ។ ពេលខ្លះអ្វីៗកើតឡើងដោយហេតុផលមួយ ហើយខ្ញុំជឿជាក់លើថាមពល។ សម្រាប់ខ្ញុំ វាជាសុបិនមួយ ដើម្បីត្រលប់មកទីនេះវិញ។”
Ramos ធំធាត់នៅជាយក្រុង Seville ហើយបានចូលហ្វឹកហាត់នៅថ្នាលរបស់ក្លិបមួយនេះ នៅពេលមានអាយុ៧ឆ្នាំ ដោយបង្ហាញខ្លួន ៥០ប្រកួតគ្រប់ការប្រកួតទាំងអស់ជាមួយក្រុមឈុតធំ Seville មុនពេលចុះហត្ថលេខាជាមួយ Real Madrid នៅក្នុងឆ្នាំ ២០០៥ ។ Ramos ចាយពេល១៦រដូវកាលក្នុងរដ្ឋធានី Madrid ដោយរកគ្រាប់បាល់បាន ១០១គ្រាប់ពីការបង្ហាញខ្លួនសរុប ៦៧១ប្រកួត និងឈ្នះពានរង្វាន់ចំនួន ២២ ដែលក្នុងនោះរួមមានទាំងជើងឯក La Liga ៥ដងផងដែរ។ នៅដើមខែកក្កដា ឆ្នាំ២០២១ កន្លងទៅ Ramos បានចូលរួមជាមួយ PSG បន្ទាប់ពីផុតកុងត្រាជាមួយ Real Madrid ហើយបានចំណាយពេល២រដូវកាល នៅលីគកំពូលបារាំង Ligue 1 ដោយឈ្នះជើងឯកលីគទាំង២រដូវកាល និង French Super Cup ១ដងផងដែរ៕