×

អបអរសាទរ! រាជរដ្ឋាភិបាលសម្រេចឱ្យធ្វើរូបសំណាកវីរកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី ដែលជាអត្តពលិកឆ្នើមនៅស៊ីហ្គេម

វីរកីឡាការិនីវ៉ូវីណាមនៃក្រសួងមហាផ្ទៃ ប៉ាល់ ឆរស្ម៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើរូបសំណាកតំណាងឱ្យវីរភាព ដើម្បីតម្កល់ទុកនៅវិមានឈ្នះឈ្នះ ក្រោយពីដណ្តើមបានមេដាយច្រើនជាងគេពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកស្រីវរសេនីយ៍ទោ វីរកីឡាការិនីវ៉ូវីណាមក្រសួងមហាផ្ទៃ ប៉ាល់ ឆរស្ម៊ី បានបង្ហាញក្តីរីករាយ និងចាត់ទុកការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើរូបសំណាករបស់លោកស្រី តំណាងឱ្យវីរភាព សម្រាប់តម្កល់ទុកនៅវិមានឈ្នះឈ្នះ គឺជាមហាកិត្តិយសដ៏ធំធេងពុំអាចកាត់ថ្លៃបានក្នុងឆាកជីវិត។

វីរកីឡាការិនីវ៉ូវីណាមរូបនេះបានបន្តថា ក្នុងនាមជាកីឡាការិនី លោកស្រីនឹងខិតខំហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព ជាពិសេសដើម្បីត្រៀមចូលរួមការប្រកួតជើងឯកពិភពលោកមួយនៅប្រទេសវៀតណាម ហើយនៅពេលចូលនិវត្តន៍ លោកស្រីនឹងចែករំលែកចំណេះដែលខ្លួនមានដល់ក្មេងៗជំនាន់ក្រោយទៀត។

សូមជម្រាបថា វីរកីឡាការិនី ប៉ាល់ ឆរស្ម៊ី បានទទួលពានរង្វាន់ជាអត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើបានមេដាយសរុបចំនួន ០៦គ្រឿង (មាស ០៤គ្រឿង ប្រាក់ ០១គ្រឿង និងសំរិទ្ធ ០១គ្រឿង) ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង