×

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ ត្រូវបណ្តេញចេញពីតំណែងក្រោយទើបឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ លោក Jorge Vilda ដែលទើបតែឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ ត្រូវបានបណ្តេញចេញពីតំណែង ស្របពេលការតវ៉ារឿងអាស្រូវប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ផ្ទុះកាន់តែខ្លាំងឡើង។

លោកស្រី Montse Tome នឹងត្រូវឡើងមកជំនួសតំណែងរបស់លោក Jorge Vilda ដោយលោកស្រីក្លាយជាស្ត្រីដំបូងគេ ដែលចូលកាន់តំណែងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធអេស្ប៉ាញ RFEF មិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការបណ្តេញលោក Vilda នោះទេ ដោយគ្រាន់តែលើកឡើងថា គ្រូបង្វឹករូបនេះ គឺជាអ្នកផ្សព្វផ្សាយតម្លៃនៃការគោរព នៅក្នុងកីឡាបាល់ទាត់។

យ៉ាងណា RFEF ត្រូវបានគេដឹងថា បានស្វែងរកការបណ្តេញគ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ ដែលជាមិត្តដ៏ជិតស្និទ្ធរបស់លោក Rubiales តាំងពីសប្តាហ៍មុនមកម្ល៉េះ។

លោក Vilda ត្រូវបានប្រទះឃើញអបអរសាទរលោក Rubiales នៅឯមហាសន្និបាតវិសាមញ្ញរបស់ RFEF កាលពីដើមខែសីហា នៅពេលដែល Rubiales បានទទូចម្តងហើយម្តងទៀតថា គាត់នឹងមិនលាលែងពីតំណែងនោះទេ ហើយបាននិយាយថា គាត់នឹងផ្តល់ឱ្យ Vilda នូវកុងត្រាថ្មីមួយ បើទោះបីជាគ្រូបង្វឹករូបនេះ បានរងការរិះគន់អំពីអាកប្បកិរិយាមិនល្អរបស់គាត់យ៉ាងណាក៏ដោយ។

លោក Jorge Vilda ដែលធ្លាប់ជាគ្រូបង្វឹកក្រុមនារីអេស្ប៉ាញឈុត U-17 និង U-19 ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមឈុតធំ នៅក្នុងឆ្នាំ ២០១៥ ហើយស្នាដៃដ៏ធំរបស់គាត់គឺការឈ្នះ World Cup 2023 ក្នុងចំណោមការឈ្នះពានរង្វាន់២ផ្សេងទៀតគឺ Algarve Cup និង Cyprus Cup ។

ជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ មានបញ្ហាដោយរឿងអាស្រូវរបស់លោក Luis Rubiales នៅពេលដែលបុរសវ័យ៤៦ឆ្នាំ បានទៅថើបមាត់កីឡាការិនី Jenni Hermoso អំឡុងពិធីបំពាក់មេដាយដល់ម្ចាស់ជើងឯក។

ទោះផ្ទុះមានការតវ៉ាប្រឆាំងពីសំណាក់មន្ត្រីជាន់ខ្ពស់ រួមទាំងមហាជន ក៏លោក Rubiales បានបដិសេធមិនព្រមលាលែងពីតំណែង ប៉ុន្តែត្រូវបានព្យួរការងារជាបណ្តោះអាសន្នដោយសហព័ន្ធបាល់ទាត់ពិភព FIFA។ លោក Pedro Rocha ត្រូវតែងតាំង ដើម្បីកាន់ការងារបណ្តោះអាសន្ន អំឡុងពេលលោក Rubiales ត្រូវបានព្យួរការងារដោយ FIFA ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង