×

បូលីវី លុបចោលការប្រកួតពានរង្វាន់ធំៗចំនួន ២ ក្រោយពាក់ព័ន្ធការកំណត់លទ្ធផល ទុកជាមុន

សហព័ន្ធបាល់ទាត់ប្រទេសបូលីវី FBF បានសម្រេចចិត្តលុបចោលការប្រកួត ពានរង្វាន់ធំៗចំនួន ២ ក្រោយស៊ើបអង្កេតរកឃើញថាមានអំពើពុករលួយ ពាក់ព័ន្ធការរៀបចំកំណត់លទ្ធផលការប្រកួតទុកជាមុន។

ការប្រកាសនេះបានកើតឡើង ក្រោយពេលដែល FBF បានកោះប្រជុំវិសាមញ្ញជាមួយនឹងក្លិប និងប្រតិភូចំនួន ១៧ នៃផ្នែកទីមួយ មកពីសមាគមបាល់ទាត់ក្នុងតំបន់ចំនួន ៩ ដើម្បីសម្រេចអនាគតនៃការប្រកួតលីគថ្នាក់ជាតិរបស់ប្រទេសបូលីវី ព្រមទាំងពានរង្វាន់ Simon Bolivar Cup។

សហព័ន្ធ FBF បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុង La Paz ដើម្បីប្រឆាំងនឹងកីឡាករ មន្ត្រី និងអាជ្ញាកណ្តាលដែលជាប់ពាក់ព័ន្ធទៅនឹងការរៀបចំកំណត់លទ្ធផលការប្រកួត ការស៊ីសំណូក និងការភ្នាល់ខុសច្បាប់។

ប្រធាន FBF លោក Fernando Costa ប្រាប់អ្នកកាសែតថា ការប្រកួតនេះ ត្រូវបានទទួលការសម្រេចឱ្យលុបចោល នៃពានរង្វាន់ Robin Tournament ព្រមទាំងពានរង្វាន់បាល់ទាត់អាជីព ក្រោយរកឃើញថាការប្រកួតទាំងនេះមានការកំណត់លទ្ធផលទុកជាមុន។

លោក Costa ក៏បានអះអាងថា ការប្រកួតពានរង្វាន់ថ្មីនឹងធ្វើឡើងក្នុងរយៈពេលខ្លី ដោយត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣ នេះ បើទោះជាដំបូងវាតម្រូវឱ្យមានការយល់ព្រមពីស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អាមេរិកខាងត្បូង CONMEBOL ជាមុនសិនក៏ដោយក្តី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង