×

Cristiano Ronaldo អំពាវនាវឱ្យបញ្ឈប់ការឈ្លោះទាស់គ្នារវាងអ្នកគាំទ្រខ្លួន និង Messi

Cristiano Ronaldo ចង់បញ្ចប់ការជជែកដេញដោលមិនចេះចប់មិនចេះហើយ ក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួន និងអ្នកគាំទ្ររបស់ Lionel Messi ថាតើនរណាជាកីឡាករអស្ចារ្យបំផុតគ្រប់ពេលនៅក្នុងពិភពបាល់ទាត់។

ជាការពិត Cristiano Ronaldo និង Lionel Messi គឺជាគូប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អ្នកទាំងពីរ បានឈរនៅលើកម្រិតកំពូលអស់រយៈពេលជាង ១០ឆ្នាំ ដោយបានប្រកួតប្រជែងគ្នាទាំងនៅលើវាលស្មៅ និងនៅខាងក្រៅទីលាន។

ព្រោះតែភាពខ្លាំងរៀងៗខ្លួនរបស់កីឡាករទាំងពីរ ជាមួយកំណត់ត្រាប្រដេញគ្នាស្ទើរគ្រប់ពេល ទើបធ្វើឱ្យមានអ្នកគាំទ្រម្ខាងៗតែងតែការពារកីឡាកររបស់ខ្លួនថាជាកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែមិនមានចម្លើយណាមួយជាក់លាក់នោះទេ។

Ronaldo បាននិយាយថា៖ “ការប្រជែងគ្នារវាងខ្ញុំ និង Messi គឺល្អ អ្នកគាំទ្រចូលចិត្តវា។ ឥឡូវនេះការប្រជែងគ្នាបានចប់ហើយ។ ប្រសិនបើអ្នកស្រលាញ់ Cristiano អ្នកមិនចាំបាច់ស្អប់ Messi ទេ។ ពួកយើងបានផ្លាស់ប្តូរប្រវត្តិសាស្រ្តបាល់ទាត់។”

សូមជម្រាបជូនថា ការប្រកួតប្រជែងដ៏កក្រើកបំផុតរវាងកំពូលខ្សែប្រយុទ្ធទាំងពីរ គឺអំឡុងពេលពួកគេលេងនៅក្លិប Real Madrid និង Barcelona រៀងៗគ្នា ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨។ ដោយកាលនោះ ជំនួប El Clasico ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្របាល់ទាត់ពិភពលោក ខណៈបច្ចុប្បន្ន Ronaldo បានផ្លាស់មកលេងនៅតំបន់អាស៊ីជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ចំណែកឯ Messi វិញបានទៅលេងនៅលើទឹកដីអាមេរិកជាមួយក្លិប Inter Miami៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង