ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមជម្រើសជាតិលុចហ្សំបួរ នាកីឡដ្ឋាន Estadio Do Algarve ក្នុងវគ្គជម្រុះ UEFA Euro 2024 ពូល J ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CBS Sports ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។
ព័រទុយហ្គាល់ ធ្វើបានល្អដោយឈ្នះទាំង៥ប្រកួត។ កូនក្រុមរបស់លោក Roberto Martinez នឹងសម្លឹងរក៣ពិន្ទុបន្ថែម នៅពេលជួបជាមួយលុចហ្សំបួរ ដែលកំពុងឈរនៅលេខ៣។ លុចហ្សំបួរ មានទម្រង់គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីបានឈ្នះ៣ប្រកួតជាប់ៗគ្នា ហើយមាន ១០ពិន្ទុស្មើក្រុមមកលេខ២ ស្លូវ៉ាគី។
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានព្យួរមួយប្រកួតសម្រាប់ការទទួលការកាតលឿង ពេលប៉ះទង្គិចជាមួយអ្នកចាំទីស្លូវ៉ាគី Martin Dubravka កាលពីប្រកួតមុន។ នេះជាឱកាសរបស់ខ្សែប្រយុទ្ធ Goncalo Ramos ក្នុងការរ៉ាប់រងតំណែងខ្សែប្រយុទ្ធកណ្ដាលរបស់ព័រទុយហ្គាល់។
លុចហ្សំបួរ មិនមានកីឡាកររបួស ឬជាប់ពិន័យនោះទេ។ ខ្សែបម្រើប្រយុទ្ធ Danel Sinani គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់លុចហ្សំបួរ ក្នុងការប្រកួតក្នុងពូល J វគ្គជម្រុះ EURO 2024 ដោយរកបាន ៣គ្រាប់។
ការជួបគ្នា ៥ប្រកួតចុងក្រោយ រវាងក្រុមទាំងពីរ គឺជ័យជម្នះទាំង៥លើកបានទៅលើព័រទុយហ្គាល់ ក្នុងនោះលុចហ្សំបួរ បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរពេលប៉ះគ្នាចុងក្រោយ កាលពីខែមីនា ក្នុងលទ្ធផល ៦-០។ ព័រទុយហ្គាល់ ស៊ុតបាន ១៩គ្រាប់លើលុចហ្សំបួរ ក្នុងជំនួបទាំងនោះ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ព័រទុយហ្គាល់ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Costa; Dalot, A Silva, Dias, Cancelo; Vitinha, Palhinha, Fernandes; B Silva, Ramos, Leao
នេះអាចជាជម្រើស១១នាក់ដំបូងរបស់លុចហ្សំបួរ ដែលអាចប្រើប្រាស់ទម្រង់ ៤-៥-១ ៖
Moris; M Martins, Mahmutovic, Chanot, Pinto; Sinani, Barreiro, C Martins, Olesen, Sanches; Curci
CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ព័រទុយហ្គាល់ ៣-០ លុចហ្សំបួរ៕